យ៉េរូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ថា ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ជំងឺគ្រុនផ្តាសាយបក្សី ដែលបង្កជំងឺខ្លាំង ត្រូវបានរកឃើញនៅក្នុងកសិដ្ឋាន ចិញ្ចឹមមាន់តួកគី ចំនួន២កន្លែងនៅភាគខាងត្បូង នៃប្រទេសអ៊ីស្រាអ៊ែល ។
សេចក្តីប្រកាសរបស់ក្រសួង ខាងលើបានដាក់ថា មាន់តួកគីដែលឆ្លងមេរោគប្រហែល៧.៣០០ក្បាលត្រូវបានគេរកឃើញនៅក្នុងភូមិ Hatzor ខណៈដែល៩.៥០០ក្បាលផ្សេងទៀត នៅក្នុងភូមិ Ein Tzurim ។
ជាការឆ្លើយតប ក្រសួងបានដាក់ឱ្យនៅដាច់ដោយឡែកពីគ្នា ក្នុងចម្ងាយ១០គីឡូម៉ែត្រពីការផ្ទុះឡើង ហើយបានណែនាំដល់សាធារណជនឱ្យទិញសាច់ និងស៊ុតមាន់នៅទីតាំងលក់ ដែលមានច្បាប់ ជៀសវាងការទិញស៊ុត ដែលគ្មានស្លាកសញ្ញា និងមិនទាន់វេចខ្ចប់ ហើយទទួលទានសាច់ និងស៊ុតឆ្អិនតែប៉ុណ្ណោះ ។
ក្រសួងក៏បានអំពាវនាវ ដល់អ្នកបង្កាត់ពូជឱ្យរក្សាបក្សីក្នុងផ្ទះ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងពីបក្សីព្រៃ ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីប្រភេទ H5N1 ចំនួន៥កន្លែងនៅក្នុងកសិដ្ឋានចិញ្ចឹមមាន់ និងមាន់តួកគីត្រូវបានរកឃើញនៅភាគខាងជើង និងភាគកណ្តាលនៃប្រទេសអ៊ីស្រាអ៊ែល ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា