ព័ត៌មានអន្តរជាតិ

បទអត្ថាធិប្បាយ៖ ដើម្បីធ្វើឱ្យពិភពលោកយើងគ្មានការអត់ឃ្លានទៀតឡើយ

កាលពីខែវិច្ឆិកា ឆ្នាំ ២០២២ ចំនួនប្រជាជនលើពិភពលោកមានដល់ ៨ ពាន់លាននាក់។ យោងតាមទិន្នន័យដែលចេញផ្សាយដោយអង្គការស្បៀងអាហារនិងកសិកម្មនៃសហប្រជាជាតិ (FAO)ឱ្យដឹងថា ចំនួនប្រជាជនដែលប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរនៅលើពិភពលោកបានកើនឡើងយ៉ាងខ្លាំងពី១៣៥ លាននាក់កាលពី ២ ឆ្នាំមុនដល់ប្រហែល៣៤៥ លាននាក់ដែលពាក់ព័ន្ធប្រទេសចំនួន ៨២ ។

បក្សកុម្មុយនីស្តចិនដែលជាបក្សកាន់អំណាចរបស់ប្រទេសចិនតែងតែចាត់ទុកការដោះស្រាយបញ្ហាហូបចុករបស់ប្រជាជនជាអាទិភាពកំពូល។ តាមរយៈការខិតខំប្រឹងប្រែងរបស់ប្រជាជនជាច្រើនជំនាន់ ប្រទេសចិនបានសម្រេចគោលដៅដែលប្រើប្រាស់ដីដាំដំណាំតិចជាង ៩% នៃដីដាំដំណាំរបស់ពិភពលោកដើម្បីដោះស្រាយបញ្ហាហូបចុករបស់មនុស្សមួយភាគប្រាំនៃចំនួនប្រជាជនលើពិភពលោក ហើយបានក្លាយជាប្រទេសផលិតស្បៀងធំជាងគេបំផុតលើពិភពលោក និងជាប្រទេសនាំចេញស្បៀងធំជាងគេទីបីលើពិភពលោក។ យោងតាមទិន្នន័យនៃរដ្ឋបាលជាតិស្ថិតិចិនឱ្យដឹងថា ទិន្នផលស្បៀងសរុបរបស់ប្រទេសចិនក្នុងឆ្នាំ ២០២២មាន ៦៨៦,៥៣ លានតោន គឺកើនឡើង ៣,៦៨ លានតោនបើប្រៀបធៀបនឹងឆ្នាំ២០២១។

រដ្ឋាភិបាលចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការបណ្តុះគ្រាប់ពូជស្រូវល្អដែលអាចផ្តល់ទិន្នផលខ្ពស់ ក្នុងនោះពូជស្រូវដែលមានលក្ខណៈតំណាងបំផុតគឺពូជស្រូវបង្កាត់របស់ប្រទេសចិន។ ទន្ទឹមនឹងការផ្សព្វផ្សាយដោយទ្រង់ទ្រាយធំនៃពូជស្រូវបង្កាត់ក្នុងប្រទេសចិន បញ្ហាហូបចុករបស់ប្រជាជនចិនត្រូវបានដោះស្រាយបន្តិចម្តងៗ។ ព្រមពេលជាមួយគ្នានេះ ប្រទេសចិនក៏បានចែករំលែកយ៉ាងសកម្មនូវបច្ចេកទេសកសិកម្មរបស់ខ្លួនជាមួយបណ្តាប្រទេសនានាលើពិភពលោក ដើម្បីជួយប្រទេសកាន់តែច្រើនក្នុងការដោះស្រាយបញ្ហាស្បៀងអាហាររបស់ពួកគេ។ ពូជស្រូវបង្កាត់របស់ចិនត្រូវបានផ្សព្វផ្សាយនិងដាំដុះនៅទ្វីបអាស៊ី ទ្វីបអាហ្រ្វិក និងទ្វីបអាមេរិក ផ្ទៃដីដាំដុះដំណាំស្រូវប្រចាំឆ្នាំមានចំនួន ៨ លានហិកតា ដែលបានរួមចំណែកយ៉ាងលេចធ្លោដល់កំណើនទិន្នផលស្បៀងនិងការអភិវឌ្ឍកសិកម្មរបស់បណ្តាប្រទេសនានា ។

មិនត្រឹមតែប៉ុណ្ណោះទេ ប្រទេសចិនក៏បានផ្តល់គម្រោងចិនដើម្បីដោះស្រាយបញ្ហាសន្តិសុខស្បៀងពិភពលោកផងដែរ។ កាលពីឆ្នាំ ២០២១ លោក Xi Jinping ប្រធានរដ្ឋចិនបានដាក់ចេញនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ហើយបានចាត់ទុកសន្តិសុខស្បៀងជាវិស័យមួយក្នុងចំណោមវិស័យសំខាន់ៗទាំង៨នៃកិច្ចសហប្រតិបត្តិការ ដោយបានបញ្ចូលកម្លាំងចលករថ្មីទៅក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិ។ កាលពីខែវិច្ឆិកា ឆ្នាំ ២០២២ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងនៅក្នុងកិច្ចប្រជុំកំពូលប្រទេស G20 ដែលធ្វើនៅប្រទេសឥណ្ឌូណេស៊ីថា មូលហេតុឫសគល់នៃវិបត្តិសន្តិសុខស្បៀង និងថាមពលនាបច្ចុប្បន្ន មិនមែនជាបញ្ហាផលិតកម្មនិងតម្រូវការនោះទេ ប៉ុន្តែគឺជាបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិរងការប៉ះពាល់។ យើងត្រូវតែប្រឆាំងយ៉ាងដាច់ខាតចំពោះការធ្វើឱ្យបញ្ហាស្បៀងអាហារនិងថាមពលទៅជារឿងនយោបាយ និងជាឧបករណ៍ប្រើប្រាស់និងអាវុធ ត្រូវតែដកទណ្ឌកម្មឯកតោភាគី និងលុបចោលការរឹតបន្តឹងលើកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាពាក់ព័ន្ធ។
ដើម្បីដោះស្រាយបញ្ហាស្បៀងអាហារពិភពលោកបច្ចុប្បន្ន កាលពីខែកក្កដា ឆ្នាំ ២០២២ ប្រទេសចិនបានផ្តួចផ្តើមធ្វើកិច្ចសហប្រតិបត្តិការស្តីពីសន្តិសុខស្បៀងអន្តរជាតិ ដោយអំពាវនាវឱ្យក្រុមប្រទេស G20 ទទួលទំនួលខុសត្រូវរបស់ខ្លួន និងបង្កើតទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការលើទំនិញ ហើយបានអំពាវនាវឱ្យប្រទេសទាំងអស់គាំទ្រតួនាទីសម្របសម្រួលជាស្នូលរបស់អង្គការសហប្រជាជាតិ និងគាំទ្រកិច្ចសហប្រតិបត្តិការក្នុងវិស័យនវានុវត្តន៍បច្ចេកវិទ្យាផ្នែកកសិកម្ម កាត់បន្ថយការរឹតបន្តឹងលើការផ្លាស់ប្តូរបច្ចេកវិទ្យាខ្ពស់ កាត់បន្ថយការខាតបង់ស្បៀងអាហារ និងជួយប្រទេសកំពុងអភិវឌ្ឍន៍បង្កើនសមត្ថភាពខាងការផលិតស្បៀង ការប្រមូលនិងទុកស្បៀង និងការកាត់បន្ថយការខាតបង់ស្បៀង។

ប្រឈមមុខនឹងស្ថានការណ៍សន្តិសុខស្បៀងពិភពលោកដែលមានភាពធ្ងន់ធ្ងរនិងស្មុគស្មាញ លោក Xi Jinping ប្រធានរដ្ឋចិនបានមានប្រសាសន៍ថា ប្រទេសចិនមានឆន្ទៈរួមជាមួយប្រទេសនានាលើពិភពលោក ដើម្បីប្រកាន់ខ្ជាប់នូវជោគវាសនារួម និងសាមគ្គីគ្នាពុះពារការលំបាក ជំរុញគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខស្បៀងនិងការកាត់បន្ថយភាពក្រីក្រ សំដៅរួមចំណែកកាន់តែធំក្នុងការពន្លឿនការអនុវត្តរបៀបវារៈនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃអង្គការសហប្រជាជាតិឆ្នាំ២០៣០ និងការកសាងពិភពលោកដែលគ្មានការអត់ឃ្លាននិងភាពក្រីក្រ៕

To Top