ព័ត៌មានអន្តរជាតិ

រុស្ស៊ី បើកការវាយប្រហារ ដោយមីស៊ីល ទ្រង់ទ្រាយធំ លើអ៊ុយក្រែន

គៀវ៖ ទីបញ្ជាការកងទ័ពអាកាស នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ អ៊ុយក្រែន បានស្ថិតនៅក្រោមការវាយប្រហារ ដោយមីស៊ីល ដ៏ធំ ដែលធ្វើឡើង ដោយកងកម្លាំងរុស្ស៊ី ពីយន្តហោះ និងកប៉ាល់យុទ្ធសាស្ត្រ។

បញ្ជាការកងទ័ពអាកាស អ៊ុយក្រែន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើ Facebook ថា ការវាយប្រហារនេះបានធ្វើឡើងបន្ទាប់ពី ការវាយប្រហារពេញមួយយប់ ជាមួយនឹងយន្តហោះដ្រូន ធុន kamikaze នៅទូទាំងប្រទេសអ៊ុយក្រែន។

ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak បានឲ្យដឹងថា មីស៊ីលជាង ១២០គ្រាប់ ត្រូវបានបាញ់ ប្រឆាំងនឹងអ៊ុយក្រែន នៅព្រឹកថ្ងៃព្រហស្បតិ៍ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ស៊ីរ៉ែនវាយប្រហារតាមអាកាសបានបន្លឺឡើងនៅទូទាំងប្រទេស ហើយនៅទីក្រុងគៀវ បានបន្លឺឡើងរយៈពេល ៥ម៉ោង។

អភិបាលក្រុង Vitali Klitschko បានឲ្យដឹងថា នៅទីក្រុងគៀវ យ៉ាងហោចណាស់មនុស្សពីរនាក់បានរងរបួសដោយសារផលប៉ះពាល់លើផ្ទះឯកជនមួយនៅសង្កាត់ Darnytskyi ភាគអាគ្នេយ៍។

អភិបាលតំបន់ Kharkiv លោក Oleg Sinegubov បានឲ្យដឹងថា យ៉ាងហោចណាស់មានកាំជ្រួច S-300 ចំនួនបួនបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងទីក្រុង Kharkiv ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។

អាជ្ញាធរមូលដ្ឋានក៏បានរាយការណ៍ពីការផ្ទុះនៅក្នុងតំបន់ Lviv នៅភាគខាងលិចនៃប្រទេសអ៊ុយក្រែន និងនៅតំបន់ Poltava នៅភាគកណ្តាលនៃប្រទេស៕

ប្រែសម្រួល ឈូក បូរ៉ា

To Top