គៀវ៖ រុស្ស៊ីបានបង្កើនការ វាយលុកតាមអាកាសលើ អ៊ុយក្រែនក្នុងសប្តាហ៍នេះ ដោយវាយលុកតំបន់នានាទូទាំងប្រទេស និងបង្ខំប្រជាជនក្រុងគៀវ ឲ្យជ្រកកោននៅតាមទីតាំងសុវត្ថិភាព នៅព្រឹកថ្ងៃសុក្រ ខណៈទីក្រុងនេះរងការ វាយប្រហារដោយយន្តហោះដ្រូនរុស្ស៊ី។
មួយថ្ងៃបន្ទាប់ពីកងកម្លាំងរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចាប់ផ្តើមការវាយប្រហារប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែនដ៏សំខាន់ ការជូនដំណឹងអំពីការវាយឆ្មក់តាមអាកាសបានបន្លឺឡើងនៅក្នុងតំបន់កណ្តាលទីក្រុងគៀវ តំបន់ Cherkasy និង Kirovohrad ដោយសារការវាយប្រហារដោយយន្តហោះដ្រូនរបស់រុស្ស៊ី។
លោក Oleksiy Kuleba អភិបាលនៃតំបន់គៀវ បាននិយាយនៅលើប៉ុស្តិ៍ Telegram របស់លោកថា “ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក” កំពុងដំណើរការនៅព្រឹកថ្ងៃសុក្រ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។
យោធាអ៊ុយក្រែនបានឲ្យដឹងថា រុស្ស៊ី បានបាញ់បង្ហោះដ្រូនធុន Shahed ផលិតដោយអ៊ីរ៉ង់ចំនួន ១៦គ្រឿង ហើយថាពួកវាទាំងអស់ត្រូវបានបំផ្លាញ ដោយប្រព័ន្ធការពារដែនអាកាស របស់ខ្លួន។
អភិបាលក្រុងគៀវ លោក Vitali Klitschko បានឲ្យដឹងថា យន្តហោះដ្រូនចំនួន ៧ គ្រឿង សំដៅទៅកាន់រដ្ឋធានីអ៊ុយក្រែន ដោយក្នុងនោះ ២ គ្រឿងបានបាញ់ទម្លាក់នៅជិតទីក្រុង ហើយ ៥ គ្រឿងទៀតបានបំផ្លាញលើទីក្រុងគៀវ ។ លោកបានបន្តថា អគារលំនៅឋាន និងអគារមិនមែនលំនៅឋានមួយផ្នែកត្រូវបានបំផ្លាញ ដោយសារតែការ ធ្លាក់យន្ដហោះដ្រូនទាំងនោះ៕