បាងកក៖ កាំជ្រួចបានបំភ្លឺមេឃ នៃទីក្រុងបាងកក នៅមុនពាក់កណ្តាលអធ្រាត្រថ្ងៃសៅរ៍ ខណៈប្រទេសថៃបានប្រារព្ធ ពិធីចូលឆ្នាំថ្មីឆ្នាំ២០២៣ ដោយមានក្តីសង្ឃឹមខ្ពស់ សម្រាប់ការស្តារវិស័យទេសចរណ៍។
ព្រឹត្តិការណ៍រាប់ថយក្រោយដែលបានធ្វើឡើងនៅកណ្តាលទីក្រុងបាងកក ប្រមូលផ្តុំភ្ញៀវទេសចរក្នុងស្រុក និងបរទេស មុនពេលការបាញ់កាំជ្រួច ដ៏គួរឱ្យភ្ញាក់ផ្អើលនៅលើ ទន្លេចៅប្រាយ៉ា ដែលហូរកាត់រាជធានីថៃ។
អាជ្ញាធរទេសចរណ៍ នៃប្រទេសថៃបានឲ្យដឹងថា ខ្លួនកំពុងធ្វើជាម្ចាស់ផ្ទះ និងគាំទ្រព្រឹត្តិការណ៍បែបនេះដើម្បីបញ្ចប់ឆ្នាំ២០២២ ដែលមើលឃើញការត្រឡប់មកវិញ នៃភ្ញៀវទេសចរបរទេសរួមជាមួយនឹង ការងើបឡើងវិញ នៃទេសចរណ៍ក្នុងស្រុក បន្ទាប់ពីការបន្ធូរបន្ថយវិធានការ បង្ការជំងឺរាតត្បាត។
ទីភ្នាក់ងារនេះក៏បានរៀបចំព្រឹត្តិការណ៍រាប់ថយក្រោយនៅក្នុងខេត្ត Songkhla ដើម្បីលើកកម្ពស់ទេសចរណ៍ នៅក្នុងតំបន់ភាគខាងត្បូង របស់ប្រទេស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
គួរបញ្ជាក់ថា វិស័យទេសចរណ៍ ដែលជាក្បាលម៉ាស៊ីន ដ៏សំខាន់ នៃកំណើនសេដ្ឋកិច្ច របស់ប្រទេសថៃ មុននឹងជំងឺកូវីដ-១៩ បានទទួលរងផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាត។
រដ្ឋាភិបាលថៃ បានបន្ធូរបន្ថយ ការរឹតបន្តឹងយ៉ាងខ្លាំង សម្រាប់ភ្ញៀវបរទេស នៅពាក់កណ្តាលឆ្នាំ២០២២ មុនពេលទម្លាក់តម្រូវការបន្ថែមទៀតសម្រាប់អ្នកធ្វើដំណើរអន្តរជាតិដើម្បីបង្ហាញភស្តុតាងនៃការចាក់ថ្នាំបង្ការ ឬលទ្ធផលតេស្តនៅពេលមកដល់ចាប់ពីខែតុលា ដែលជាការកត់សម្គាល់ ការបើកឡើងវិញពេញលេញ សម្រាប់ទេសចរណ៍អន្តរជាតិ៕
ប្រែសម្រួល ឈូក បូរ៉ា