ព័ត៌មានអន្តរជាតិ

ចិន ចោទ​អាមេរិក ពី​បទ​បង្កាច់​បង្ខូច​កេរ្តិ៍ឈ្មោះ​ ក្រោយ​ការ​ប៉ះទង្គិច​គ្នា​ដោយ​យន្តហោះ​

ប៉េកាំង៖ ក្រសួងការពារជាតិរបស់ប្រទេសចិនបានចោទប្រកាន់សហរដ្ឋអាមេរិកថា បានបំពានច្បាប់អន្តរជាតិ និង “ការបង្កាច់បង្ខូច និងការបំភាន់” បន្ទាប់ពីការប្រឈមមុខដាក់គ្នារវាងយន្តហោះចម្បាំងរបស់ចិន និងយន្តហោះ ឈ្លបយកការណ៍របស់អាមេរិកលើដែនទឹក ដែលមានជម្លោះនៃសមុទ្រចិនខាងត្បូង។

សេចក្តីថ្លែងការណ៍កាលពីល្ងាចថ្ងៃសៅរ៍បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីយោធាអាមេរិកបានអះអាងថាយន្តហោះចម្បាំង J-11 របស់ចិនបានចូលមកក្នុងចម្ងាយ ៦ ម៉ែត្រ (២០ហ្វីត) នៃយន្តហោះ RC-135 របស់អាមេរិកកាលពីថ្ងៃទី២១ ខែធ្នូ ដោយបង្ខំឱ្យភាគីក្រោយធ្វើសមយុទ្ធជម្លៀសដើម្បីជៀសវាងការប៉ះទង្គិច។

ប៉ុន្តែលោក Tian Julin អ្នកនាំពាក្យក្រសួងការពារជាតិចិន បាននិយាយថា ទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក បានបំភ្លៃការពិតអំពីឧបទ្ទវហេតុនេះ ហើយថាវាគឺជាយន្តហោះអាមេរិក ដែលបានចូលរួមក្នុង “សមយុទ្ធដ៏គ្រោះថ្នាក់” ប្រឆាំងនឹងយន្តហោះរបស់ចិន។

លោក Tian បានលើកឡើងថា យន្តហោះអាមេរិកកំពុងធ្វើការឈ្លបយកការណ៍ យ៉ាងជិតស្និទ្ធដោយចេតនានៅលើ ឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេសចិន នៅពេលដែលកងទ័ពរំដោះប្រជាជន បានបញ្ជូនយន្តហោះចម្បាំងទៅតាមដាន និងត្រួតពិនិត្យយន្តហោះនោះ។

លោកបានបន្ដថា ទោះបីជាមានការព្រមានជាច្រើនពីភាគីចិនក៏ដោយ យន្តហោះអាមេរិកភ្លាមៗ បានផ្លាស់ប្តូរជំហរហោះ ហើររបស់ខ្លួននៅក្នុង “ចលនាវិធីសាស្រ្តដ៏គ្រោះថ្នាក់ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាព ហោះហើររបស់យន្តហោះ យោធាចិន” ។

គួរបញ្ជាក់ថា ក្រសួងការពារជាតិចិន ក៏បានចេញផ្សាយវីដេអូនៃឧបទ្ទវហេតុនេះផងដែរ ដែលក្រសួងបានបង្ហាញ ពីយន្តហោះ របស់សហរដ្ឋអាមេរិក កំពុងធ្វើសមយុទ្ធឆ្ពោះទៅកាន់យន្តហោះរបស់ចិន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top