ព័ត៌មានអន្តរជាតិ

អាកាសយានដ្ឋានទីក្រុងដាម៉ាស់ បើកដំណើរការឡើងវិញ ក្រោយការវាយឆ្មក់ របស់អ៊ីស្រាអែល

ដាម៉ាស់៖ កងទ័ពស៊ីរីបានឲ្យដឹងថា មីស៊ីលរបស់អ៊ីស្រាអែល បានសម្លាប់ទាហានពីរនាក់ ហើយបានធ្វើឱ្យអាកាសយានដ្ឋាន ទីក្រុងដាម៉ាស់ លែងដំណើរការជាលើកទីពីរ ក្នុងរយៈពេលមួយឆ្នាំ។

យោធាស៊ីរីនិយាយថា មីស៊ីលរបស់អ៊ីស្រាអែល បានសម្លាប់ទាហានស៊ីរីយ៉ាងតិចពីរនាក់ ហើយបានធ្វើឱ្យអាកាសយានដ្ឋានអន្តរជាតិ ដ៏សំខាន់របស់ប្រទេសនេះលែង ដំណើរការជាបណ្តោះអាសន្ន។

យោធាបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា កាំជ្រួចបាញ់បង្ហោះតាមអាកាស បានមកពីទិសដៅនៃបឹង Tiberias ក្នុងប្រទេសអ៊ីស្រាអែល នៅម៉ោងប្រហែល ២ទៀបភ្លឺ ម៉ោងក្នុងស្រុកនៅថ្ងៃច័ន្ទ ហើយបានកំណត់គោលដៅ អាកាសយានដ្ឋានអន្តរជាតិដាម៉ាស់ និងតំបន់ជុំវិញនោះ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន SANA ។

សេចក្តី​ថ្លែងការណ៍​បាន​ឲ្យដឹង ការ​វាយ​ប្រហារ​នេះ​បាន​បណ្តាល​ឲ្យ​មាន “ទាហាន​ពីរ​នាក់​ស្លាប់ របួស​ពីរ​នាក់​ផ្សេង​ទៀត បាត់បង់​សម្ភារៈ​មួយ​ចំនួន” និង​ធ្វើ​ឲ្យ​ព្រលាន​យន្តហោះ​លែង​ដំណើរការ។

ក្រោយមក SANA បានរាយការណ៍ថា ក្រសួងដឹកជញ្ជូនរបស់ប្រទេសស៊ីរី បានប្រកាសបើកព្រលានយន្តហោះឡើងវិញ នៅម៉ោង ៩ ព្រឹកម៉ោងក្នុងស្រុក នៅថ្ងៃចន្ទនេះ ។

អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដែលជាក្រុមឃ្លាំមើលមាន មូលដ្ឋាននៅចក្រភពអង់គ្លេស បានរាយការណ៍ថា ការវាយឆ្មក់របស់អ៊ីស្រាអែល បានវាយប្រហារអាកាសយានដ្ឋាន ក៏ដូចជាឃ្លាំងអាវុធមួយកន្លែង នៅជិតកន្លែងផលិតនៅភាគខាងត្បូងទីក្រុង ដាម៉ាស់ ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top