ហ្សឺណែវ៖ ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថានៅឆ្នាំនេះនឹងមាន ភាពតឹងតែងជាងឆ្នាំ២០២២ សម្រាប់សេដ្ឋកិច្ចពិភពលោកភាគច្រើន ខណៈដែលសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសចិន មើលឃើញថា មានកំណើនយឺត។
នាយកគ្រប់គ្រង IMF លោកស្រី Kristalina Georgieva បានឲ្យដឹងថាឆ្នាំ២០២៣ នឹងក្លាយជា “ឆ្នាំដ៏លំបាក” ដោយមួយភាគបីនៃសេដ្ឋកិច្ចពិភពលោក ត្រូវបានគេរំពឹងថា នឹងស្ថិតក្នុងវិបត្តិសេដ្ឋកិច្ច នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន អាល់ហ្សាហ្ស៊ីរ៉ា។
ចំពោះមូលហេតុថាតើ “ហេតុអ្វី? លោកស្រី Georgieva បានឲ្យដឹងក្នុងអំឡុងពេលបង្ហាញមុខក្នុងកម្មវិធី CBS “Face the Nation” កាលពីថ្ងៃអាទិត្យ ដោយសារប្រទេសសេដ្ឋកិច្ចធំទាំងបី សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចិន ទាំងអស់កំពុងធ្លាក់ចុះក្នុងពេលដំណាលគ្នា។
ការកត់សម្គាល់នេះកើតឡើងបន្ទាប់ពី IMF នៅក្នុងខែតុលា បានកាត់បន្ថយការព្យាករណ៍ កំណើនសកលរបស់ខ្លួនមកត្រឹម ២,៧ ភាគរយ ធ្លាក់ចុះពីការព្យាករណ៍ ២,៩ភាគរយនៅក្នុងខែកក្កដា ចំពេលមានភាពតានតឹង រួមទាំងសង្រ្គាមនៅអ៊ុយក្រែន និងការកើនឡើងអត្រាការប្រាក់យ៉ាងខ្លាំង។
លោកស្រី Georgieva បានលើកឡើងថា ប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទីពីរ របស់ពិភពលោក ទំនងជានឹងកើនឡើងនៅ ឬទាបជាងកំណើនពិភពលោក ជាលើកដំបូងក្នុងរយៈពេល ៤០ឆ្នាំ ដោយសារករណីជំងឺកូវីដ-១៩ កើនឡើងបន្ទាប់ពីការរុះរើគោលនយោបាយ “កូវីដសូន្យ” ដ៏តឹងរឹងបំផុតរបស់ខ្លួន។
លោកស្រីបន្ថែមថា “វាមិនធ្លាប់មានពីមុនមកទេ។ ហើយការសម្លឹងមើលទៅឆ្នាំក្រោយ សម្រាប់រយៈពេល៣, ៤, ៥, ឬ ៦ខែ ការបន្ធូរបន្ថយការរឹតត្បិតជំងឺកូវីដ នឹងមានន័យថា ករណីឆ្លងជំងឺកូវីដ-១៩ នៅទូទាំងប្រទេសចិន។ ខ្ញុំនៅប្រទេសចិនកាលពីសប្តាហ៍មុន នៅក្នុងទីក្រុងដែលមានកៅលការកូវីដសូន្យ ប៉ុន្តែវានឹងមិនស្ថិតស្ថេរនោះទេ នៅពេលដែលប្រជាជនចិនចាប់ផ្តើមធ្វើដំណើរ” ៕
ប្រែសម្រួល ឈូក បូរ៉ា