ព័ត៌មានអន្តរជាតិ

ប្រទេសចិន បញ្ជូនយន្តហោះចម្បាំង ១ ៧២៧គ្រឿង ចូលលុកលុយក្នុងតំបន់កំណត់ អត្តសញ្ញាណការពារដែនអាកាស របស់កោះតៃវ៉ាន់ក្នុងឆ្នាំ ២០២២

បរទេស ៖ ការលុកលុយ របស់យន្តហោះចម្បាំងរបស់ចិន ចូលទៅក្នុងតំបន់ការពារដែន អាកាសរបស់កោះតៃវ៉ាន់ បានកើនឡើងជិតទ្វេដងក្នុងឆ្នាំ ២០២២ ជាមួយនឹងការកើនឡើង នៃយន្តហោះចម្បាំង និង យន្តហោះទម្លាក់គ្រាប់បែក ខណៈដែលទីក្រុងប៉េកាំង បានបង្កើនការគំរាមកំហែង ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ លើកោះនេះ ។

យោងតាម សារព័ត៌មាន First Post ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា កោះតៃវ៉ាន់ដែលគ្រប់គ្រង ដោយខ្លួនឯង រស់នៅក្រោមការ គំរាមកំហែង នៃការឈ្លានពានឥតឈប់ឈរ។ មេដឹកនាំបក្សកុម្មុយនិស្ត បានអះអាងថា កោះនេះជាផ្នែក នៃទឹកដីរបស់ចិន ហើយបានប្តេជ្ញាដណ្តើម យកវានៅថ្ងៃណាមួយ ។

ទំនាក់ទំនងរវាងចិន និង កោះតៃវ៉ាន់ បានល្អក់កករអស់រយៈពេលជាច្រើនឆ្នាំក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Xi Jinping ដែលជាមេដឹកនាំដ៏រឹង មាំបំផុតរបស់ប្រទេសចិនក្នុងមួយជំនាន់។ ប៉ុន្តែឆ្នាំ២០២២ បានមើលឃើញពីភាពយ៉ាប់យ៉ឺនកាន់តែស៊ីជម្រៅ នៅពេលដែលយោធារបស់លោក Xi បង្កើនការលុកលុយ និង បានចាប់ផ្តើមល្បែងសង្រ្គាមដ៏ធំបំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដើម្បីតវ៉ាប្រឆាំងនឹងដំណើរ ទស្សនកិច្ចរបស់ប្រធានសភា អាមេរិកគឺលោកស្រី Nancy Pelosi នៅក្នុងខែសីហា ។

ប្រទេសចិនបានបញ្ជូនយន្តហោះចំនួន ១ ៧២៧ គ្រឿងចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស របស់តៃវ៉ាន់ (ADIZ) ក្នុងឆ្នាំ ២០២២, នេះបើយោងតាមមូលដ្ឋាន ទិន្នន័យរបស់ AFP ដោយផ្អែកលើការអាប់ដេតប្រចាំថ្ងៃ ដែលចេញផ្សាយដោយក្រសួង ការពារជាតិរបស់តៃប៉ិ ។ នោះប្រៀបធៀបជាមួយនឹងការ លុកលុយនៅតាមឆ្នាំ គឺមានប្រហែល ៩៦០គ្រឿង ក្នុងឆ្នាំ២០២១ និង ៣៨០គ្រឿង ក្នុងឆ្នាំ ២០២០ ៕

To Top