ព័ត៌មានអន្តរជាតិ

Update៖ យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី បានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗក្នុងរដ្ឋធានីគៀវ

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ថា នៅថ្ងៃចន្ទនេះ រលកនៃយន្តហោះគ្មានមនុស្សបើក របស់រុស្ស៊ីបានកំណត់គោលដៅ លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងរដ្ឋធានី គៀវ របស់ប្រទេសអ៊ុយក្រែន និងតំបន់ជុំវិញនោះ ដោយបំផ្លាញគ្រឿងបរិក្ខារថាមពល និងបណ្តាលឱ្យដាច់ចរន្តអគ្គិសនីមួយចំនួន ខណៈដែលរុស្ស៊ីបានបន្តការ ទម្លាក់គ្រាប់បែកជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី២នេះ ។

លោក Volodymyr Zelenskiy ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងកាលពីថ្ងៃអាទិត្យថា កងកម្លាំងអ៊ុយក្រែនបានបាញ់ទម្លាក់ យន្តហោះគ្មានមនុស្សបើក Shahed ផលិតដោយអ៊ីរ៉ង់ចំនួន ៤៥គ្រឿង ដែលបាញ់ដោយរុស្ស៊ី នៅយប់ដំបូងនៃឆ្នាំនេះ ដោយបានសរសើរប្រជាជនអ៊ុយក្រែន ចំពោះការបង្ហាញពីការដឹងគុណ ចំពោះកងទ័ពនិងគ្នាទៅវិញទៅមក ។

លោកបានថ្លែងថា “យន្តហោះគ្មានមនុស្សបើក មីស៊ីល អ្វីៗផ្សេងទៀតនឹងមិនជួយពួកគេទេ” ។ “ដោយសារតែយើងឈររួបរួមគ្នា។ ពួកគេរួបរួមគ្នាដោយការ ភ័យខ្លាចតែប៉ុណ្ណោះ” ។

ប៉ុន្តែនៅក្នុងសុន្ទរកថា ឆ្នាំថ្មីដ៏តឹងរ៉ឹងមួយ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានបង្ហាញសញ្ញាមិនព្រមចុះចាញ់ ក្នុងការវាយប្រហាររបស់ លោកលើអ៊ុយក្រែន ។

រដ្ឋបាលយោធារបស់ខ្លួនបានឲ្យដឹងថា គិតត្រឹមម៉ោង ៣ទៀបភ្លឺ ម៉ោងក្នុងស្រុក ប្រព័ន្ធការពារដែនអាកាស របស់អ៊ុយក្រែនបានបំផ្លាញវត្ថុអាកាសចំនួន២០ ពីលើទីក្រុងគៀវ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top