បរទេស ៖ អតីតអគ្គលេខាធិការ អង្គការណាតូ លោក Anders Fogh Rasmussen បានធ្វើដំណើរទៅដល់កោះតៃវ៉ាន់ កាលពីថ្ងៃអង្គារ ជាកន្លែងដែលលោកនឹង ជួបជាមួយប្រធានាធិបតីកោះនេះ គឺលោកស្រី Tsai Ing-wen ។ ដំណើរទស្សនកិច្ចនេះធ្វើឡើង ចំពេលមានជម្លោះរវាងក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោន ដែលចោទគ្នាទៅវិញទៅមកពីការបង្កភាព តានតឹងក្នុងតំបន់ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែ មករា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Rasmussen អតីតនាយករដ្ឋមន្ត្រី ដាណឺម៉ាកដែលបានដឹកនាំអង្គការ ណាតូនៅចន្លោះឆ្នាំ ២០០៩ និង ២០១៤ ត្រូវបានស្វាគមន៍នៅពេលមក ដល់ដោយលោក Vincent Yao ដែលជាមន្ត្រីកំពូលរបស់ក្រុងតៃប៉ិទ ទួលបន្ទុកកិច្ចការអឺរ៉ុប ។
លោកក៏គ្រោងនឹងជួប ជាមួយអនុប្រធានាធិបតីលោក Lai Ching-te និងរដ្ឋមន្ត្រីការបរទេស Joseph Wu នេះបើយោងតាមក្រសួង ការបរទេសរបស់កោះនេះ។
ក្រុមនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័ររបស់ខ្លួនថា “លោក Rasmussen បានបង្កើតសម្ព័ន្ធអ្នកប្រជាធិបតេយ្យ (AoD) Think Tank ក្នុងឆ្នាំ ២០១៧” ។
ទីក្រុងប៉េកាំងចាត់ទុកកោះតៃវ៉ាន់ ដែលមានរដ្ឋាភិបាលដាច់ដោយឡែកពីគ្នាតាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៤០ ជាផ្នែកនៃទឹកដីរបស់ខ្លួន និងប្រឆាំងយ៉ាងខ្លាំង ចំពោះគ្រប់ទម្រង់នៃការទទួល ស្គាល់ការទូតរបស់ទីក្រុងតៃប៉ិ។
សូមជម្រាបថា កាលពីខែសីហា ប្រទេសចិនបានតវ៉ាជុំវិញ ដំណើរទស្សនកិច្ចរបស់មេដឹកនាំសភា តំណាងសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ ហើយបានឆ្លើយតបដោយការបើក សមយុទ្ធយោធារួមគ្នានៅជុំវិញកោះនេះ ។ ផ្ទុយទៅវិញ រដ្ឋាភិបាលអាមេរិក និងតៃវ៉ាន់បានចោទប្រកាន់ក្រុងប៉េកាំង ពីអាកប្បកិរិយាបង្ខិតបង្ខំ ៕