ព័ត៌មានអន្តរជាតិ

អាមេរិក ប្រកាសបង្ក្រាប ជនអន្ដោប្រវេសន៍ខុសច្បាប់

វ៉ាស៊ីនតោន៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ នូវវិធានការថ្មី ដើម្បីបង្ក្រាបជនអន្តោប្រវេសន៍ខុសច្បាប់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

សេតវិមានបានឲ្យដឹងថា វិធានការនេះនឹង “ពង្រីក និងពន្លឿនផ្លូវច្បាប់ សម្រាប់ការធ្វើចំណាកស្រុក ប្រកបដោយសណ្តាប់ធ្នាប់ និង ផ្តល់លទ្ធផលថ្មីសម្រាប់អ្នកដែលមិនប្រើប្រាស់ផ្លូវច្បាប់ទាំងនោះ”។

បុគ្គលដែល “ប៉ុនប៉ងចូលសហរដ្ឋអាមេរិក ដោយគ្មានការអនុញ្ញាត មិនមានមូលដ្ឋានច្បាប់ ដើម្បីបន្តស្នាក់នៅ និងមិនអាចត្រូវបានគេបណ្តេញចេញ ដោយយោងតាមចំណងជើងទី៤២” នឹងត្រូវទទួលរង នូវការដកចេញយ៉ាងឆាប់រហ័ស ទៅកាន់ប្រទេសដើមរបស់ពួកគេ និងទទួលរងការហាមឃាត់រយៈពេល ៥ឆ្នាំ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ ​របស់​សេតវិមាន។

ចំណងជើងទី៤២ គឺជាអាជ្ញាធរសុខភាពសាធារណៈ របស់សហរដ្ឋអាមេរិក ដែលអនុញ្ញាតឱ្យមន្ត្រីព្រំដែន បណ្តេញជនចំណាកស្រុក និងអ្នកស្វែងរកសិទ្ធិជ្រកកោន យ៉ាងឆាប់រហ័ស ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ ។

មុន​ពេល​ស្នើ​សុំ​ថវិកា​ ពី​សភា​នៅ​ថ្ងៃ​ព្រហស្បតិ៍ ប្រធានាធិបតី​អាមេរិកលោក ចូ បៃដិន បាន​ឲ្យដឹងពី​សេតវិមាន​ថា ប្រព័ន្ធ​អន្តោប្រវេសន៍​របស់​ប្រទេស​នេះខូច។ លោកនឹងធ្វើដំណើរទៅកាន់ទីក្រុង El Paso រដ្ឋតិចសាស់ ដើម្បីវាយតម្លៃប្រតិបត្តិការពង្រឹងព្រំដែននៅថ្ងៃអាទិត្យ។

អភិបាលរដ្ឋតិចសាស់ លោក Greg Abbott និងអភិបាលរដ្ឋតិចសាស់ពីររូបផ្សេងទៀត បានបញ្ជូនជនចំណាកស្រុករាប់ពាន់នាក់ ពីរដ្ឋរបស់ពួកគេ ទៅកាន់ទីក្រុងដែលដឹកនាំដោយ គណបក្សប្រជាធិបតេយ្យកាលពីឆ្នាំមុន ដើម្បីតវ៉ាប្រឆាំងនឹងគោលនយោបាយអន្តោប្រវេសន៍ របស់រដ្ឋបាលលោក បៃដិន និងអ្វីដែលពួកគេហៅថា ភាពអសកម្មរបស់សហព័ន្ធ ដើម្បីការពារព្រំដែនភាគខាងត្បូង របស់អាមេរិក៕ ប្រែសម្រួល ឈូក បូរ៉ា

To Top