ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងថា ប្រទេសចិន តែងតែរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយអង្គការសុខភាពពិភពលោក (WHO) ហើយបានចែករំលែកព័ត៌មាន និងទិន្នន័យ ស្តីពីការរីករាលដាល នៃជំងឺនេះក្នុងលក្ខណៈទាន់ពេលវេលា បើកចំហ និងតម្លាភាពយោងទៅតាមច្បាប់។
អ្នកនាំពាក្យលោកស្រី Mao Ning បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលឆ្លើយសំណួរពាក់ព័ន្ធ ដោយបន្ថែមថា ជាមួយនឹងការកែសម្រួលគោល នយោបាយឆ្លើយតបនឹងជំងឺកូវីដ ភាគីចិន នឹងបន្តអនុវត្តការផ្លាស់ប្តូរបច្ចេកទេស និងសកម្មភាពផ្សេងទៀត ជាមួយអង្គការសុខភាពពិភពលោក ។
ចាប់តាំងពីកូវីដ-១៩ បានចាប់ផ្តើម ប្រទេសចិនបានចែករំលែកព័ត៌មាន និងទិន្នន័យជាមួយសហគមន៍ អន្តរជាតិក្នុងលក្ខណៈបើកចំហ និងតម្លាភាព។ លោកស្រី Mao បានលើកឡើងថា ប្រទេសចិន បានចែករំលែកលំដាប់ហ្សែន នៃមេរោគនៅឱកាសដំបូងបំផុត ដោយបានរួមចំណែកយ៉ាង សំខាន់ដល់ការស្រាវជ្រាវ និងការអភិវឌ្ឍថ្នាំ និងវ៉ាក់សាំងនៅក្នុងប្រទេសនានា ជុំវិញពិភពលោក។
លោកស្រី Mao បានបន្ដថា ប្រទេសចិនបានអនុវត្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយ WHO ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដោយរក្សាបណ្តាញបើកចំហសម្រាប់ការទំនាក់ទំនងយ៉ាងជិតស្និទ្ធនៅកម្រិតបីជាមួយនឹងទីស្នាក់ការកណ្តាលរបស់ WHO ការិយាល័យតំបន់ប៉ាស៊ីហ្វិកខាងលិច និងការិយាល័យតំណាងនៅក្នុងប្រទេសចិន។
លោកស្រីបានបន្ថែមថា តួលេខបឋមបង្ហាញថា ចាប់តាំងពីជំងឺកូវីដ ត្រូវបានរាយការណ៍ជាលើកដំបូង ភាគីទាំងពីរមានការផ្លាស់ប្តូរបច្ចេកទេសជាង ៦0 លើការទប់ស្កាត់ ការព្យាបាល ការស្រាវជ្រាវ និងការអភិវឌ្ឍវ៉ាក់សាំង និងការតាមដានប្រភពដើម៕