បរទេស ៖ ឯកអគ្គរដ្ឋទូតរុស្សីប្រចាំ នៅសហរដ្ឋអាមេរិក លោក Anatoly Antonov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ដោយធ្វើអត្ថាធិប្បាយ លើការសម្រេចចិត្ត របស់សេតវិមាន ក្នុងការប្រគល់ យានប្រយុទ្ធ Bradley ទៅកាន់ទីក្រុងគៀវថា ក្រុងវ៉ាស៊ីនតោន មិនចង់បានដំណោះស្រាយ នយោបាយនៃជម្លោះអ៊ុយក្រែននោះទេ ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅព្រឹកថ្ងៃដដែល ក្រសួងការពារជាតិបាននិយាយថា រដ្ឋបាល Biden នឹងប្រកាសកញ្ចប់ជំនួយយោធាមួយផ្សេងទៀត សម្រាប់អ៊ុយក្រែននៅថ្ងៃសុក្រ ដែលនឹងរួមបញ្ចូល ទាំងរថយន្តប្រយុទ្ធ Bradley ផងដែរ។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ កញ្ចប់ជំនួយនេះ នឹងរួមបញ្ចូលនូវឧបករណ៍យោធា ដែលមានតម្លៃ ៣ ពាន់លានដុល្លារ។
លោក Antonov បានប្រាប់អ្នកកាសែតថា “ជំហាននេះ [ការបញ្ជូនយានប្រយុទ្ធ Bradley] មកជាការបញ្ជាក់ថា គូសន្ទនា របស់យើងនៅសហរដ្ឋអាមេរិក មិនបានព្យាយាមស្តាប់ការអំពាវនាវ ជាច្រើនរបស់យើងដើម្បីគិតគូអំពីផលវិបាក ដែលអាចកើតមាននៃវគ្គគ្រោះថ្នាក់ បែបនេះដោយទីក្រុងវ៉ាស៊ីនតោន” នោះទេ៕