ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ប្រកាសកញ្ចប់ទណ្ឌកម្ម លើអាជ្ញាធរប៉ាឡេស្ទីន ក្រោយរដ្ឋាភិបាលថ្មីចូលកាន់តំណែង

យេរ៉ូសាឡឹម ៖ គណៈរដ្ឋមន្ត្រីសន្តិសុខ អ៊ីស្រាអែលបានប្រកាសកាលពីថ្ងៃសុក្រ នូវវិធានការដាក់ទណ្ឌកម្ម ជាបន្តបន្ទាប់ប្រឆាំង នឹងអាជ្ញាធរប៉ាឡេស្ទីន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

ចំណាត់ការនេះធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងសំណើ របស់អាជ្ញាធរប៉ាឡេស្ទីនទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) សម្រាប់ការផ្តល់យោបល់ លើការកាន់កាប់ទឹកដី របស់អ៊ីស្រាអែលនៅតំបន់ West Bank ។

ជាផ្នែកមួយនៃទណ្ឌកម្ម ប្រាក់ចំណូល ប្រមាណជា ៤០លានដុល្លារអាមេរិក ពីពន្ធដែលអ៊ីស្រាអែលប្រមូលបាន ក្នុងនាមអាជ្ញាធរប៉ាឡេស្ទីន នឹងត្រូវបង្វែរទៅឱ្យគ្រួសារជនរង គ្រោះអ៊ីស្រាអែល ដែលត្រូវបាន វាយប្រហារដោយជនប៉ាឡេស្ទីន នេះបើយោងតាមសេចក្តីថ្លែងការណ៍ ចេញផ្សាយដោយការិយាល័យ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ។

បន្ថែមពីលើនេះ អ៊ីស្រាអែល ក៏នឹងកាត់ចេញពីចំណូលពន្ធលើចំនួន ដែលអាជ្ញាធរប៉ាឡេស្ទីន ផ្តល់ឲ្យក្រុមសកម្មប្រយុទ្ធ និងដកអត្ថប្រយោជន៍ សម្រាប់មន្ត្រីជាន់ខ្ពស់ប៉ាឡេស្ទីន និងបង្កកគម្រោងសាងសង់ណាមួយសម្រាប់ប៉ាឡេស្ទីន នៅក្នុងតំបន់ West Bank ដែលស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរអ៊ីស្រាអែល និងប៉ាឡេស្ទីន។

អាជ្ញាធរប៉ាឡេស្ទីន មានសិទ្ធិប្រមូលពន្ធពីជនជាតិប៉ាឡេស្ទីន ក្នុងទឹកដីប៉ាឡេស្ទីន ប៉ុន្តែពន្ធភាគច្រើនត្រូវបានប្រមូលដោយអ៊ីស្រាអែល ដែលផ្ទេរប្រាក់ទៅអាជ្ញាធរប៉ាឡេស្ទីនជារៀងរាល់ខែ ។

ការសម្រេចចិត្តដាក់ទណ្ឌកម្ម ត្រូវបានធ្វើឡើង ដោយគណៈរដ្ឋមន្ត្រីអ៊ីស្រាអែល បន្ទាប់ពីកិច្ចប្រជុំលើកដំបូងរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ មួយសប្តាហ៍បន្ទាប់ពីរដ្ឋាភិបាលអ៊ីស្រាអែលថ្មី បានស្បថចូលកាន់តំណែង៕

To Top