ព័ត៌មានអន្តរជាតិ

GDP របស់អ៊ុយក្រែន ធ្លាក់ចុះជាង ៣០ភាគរយក្នុងឆ្នាំ ២០២២

គៀវ៖ ក្រសួងសេដ្ឋកិច្ចរបស់ ប្រទេសនេះបានឲ្យដឹងថា GDP របស់ប្រទេសអ៊ុយក្រែន បានធ្លាក់ចុះដោយកំណត់ត្រា ៣០,៤ភាគរយកាលពីឆ្នាំមុន ដោយសារតែជម្លោះរុស្ស៊ីនិងអ៊ុយក្រែន។

សេវាកម្មសារព័ត៌មានរបស់ ក្រសួងបានដកស្រង់សម្តីលោកស្រី Yulia Svyrydenko ដែលជាឧបនាយករដ្ឋមន្ត្រីទីមួយ និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអ៊ុយក្រែនថា “នៅឆ្នាំ២០២២ សេដ្ឋកិច្ចអ៊ុយក្រែន បានទទួលរងការខាតបង់ និងការខូចខាតដ៏ធំបំផុតរបស់ខ្លួន នៅក្នុងប្រវត្តិសាស្រ្តនៃ ឯករាជ្យភាពទាំងមូល” ។

ក្រសួងបានឲ្យដឹងថា នៅក្នុងខែធ្នូ ឆ្នាំ២០២២ GDP របស់ប្រទេសអ៊ុយក្រែនបានធ្លាក់ចុះ ៣៤ ភាគរយដោយសារតែស្ថេរភាព ជាក់លាក់នៃស្ថានភាពជាមួយនឹង ការផ្គត់ផ្គង់ថាមពល បន្ទាប់ពីការធ្លាក់ចុះ ៣៧ភាគរយនៅក្នុងខែវិច្ឆិកា។

ប្រភពបាននិយាយថា នៅក្នុងត្រីមាសទី៤ នៃឆ្នាំមុន សេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែន បានជួបប្រទះនឹងការធ្លាក់ចុះ ៣៥,៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

សេដ្ឋកិច្ចអ៊ុយក្រែនបានឃើញកំណើន ៣,៤ ភាគរយនៅឆ្នាំ២០២១។ ផលិតផលក្នុងស្រុកសរុបរបស់ ប្រទេសត្រូវបានគេរំពឹងថា នឹងកើនឡើង ៣,២ភាគរយនៅឆ្នាំនេះ នេះបើយោងតាមការព្យាករណ៍ របស់រដ្ឋាភិបាល ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top