តូក្យូ ៖ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Yasuo Fukuda បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការ និង ការអភិវឌ្ឍន៍រួមគ្នា គឺជាទំនាក់ទំនងដ៏ត្រឹមត្រូវ រវាងប្រទេសជប៉ុន និងចិន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
ឆ្នាំ២០២៣ គឺជាខួបលើកទី៤៥ នៃការចុះហត្ថលេខា លើសន្ធិសញ្ញាសន្តិភាព និងមិត្តភាពចិន-ជប៉ុន។ នៅចុងឆ្នាំ២០២២ រដ្ឋាភិបាលជប៉ុន បានអនុម័តឯកសារថ្មីៗចំនួន ៣ ស្តីពីគោលនយោបាយសន្តិសុខ និងការពារជាតិរបស់ខ្លួន រួមទាំងយុទ្ធសាស្ត្រ សន្តិសុខជាតិថ្មី ដោយប្តេជ្ញាថា នឹងបង្កើនការចំណាយផ្នែកយោធាយ៉ាងច្រើនសម្រាប់រយៈពេល ៥ឆ្នាំខាងមុខ ។
ក្នុងន័យនេះ លោក Fukuda បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ជាមួយកាសែតជប៉ុន Mainichi Shimbun ថា ប្រសិនបើរឿងនេះនៅតែបន្ត ទំនាក់ទំនងរវាងជប៉ុន និងចិន នឹងក្លាយទៅជាការ ប្រកួតប្រជែងអាវុធ ។
លោកបានលើកឡើងថា “តើប្រទេសទាំងពីរ ពិតជាអាចសប្បាយចិត្ត តាមរបៀបនេះឬទេ? ដោយបន្ថែមថា កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍រួមគួរតែជា ទំនាក់ទំនងរវាងប្រទេសទាំងពីរ ។
លោកបានកត់សម្គាល់ថា កម្លាំងយោធារបស់ចិន ពិតជាមានការកើនឡើងក្នុងរយៈពេលជិត ១០ឆ្នាំកន្លងមកនេះ។ ទោះបីជាយ៉ាងណា លោកថា ចិនមិនចង់ធ្វើសង្រ្គាមជាមួយជប៉ុននោះទេ ។
លោកបន្ដថា “បើគ្មានប្រទេសចិន នាពេលបច្ចុប្បន្ននេះ សូម្បីតែសហរដ្ឋអាមេរិក ក៏មិនអាចអភិវឌ្ឍ សេដ្ឋកិច្ចរបស់ខ្លួនបានល្អដែរ ។ ការយល់ស្របជាមូលដ្ឋាន គួរតែថាប្រទេសជប៉ុន សហរដ្ឋអាមេរិក និងចិន រួមជាមួយនឹង ប្រទេសដទៃទៀត នៃពិភពលោក គឺជាសហគមន៍ នៃផលប្រយោជន៍រួម” ។
លោកបានកត់សម្គាល់ថា កាលពីឆ្នាំមុន បានឃើញខួបលើកទី៥០ នៃការធ្វើឱ្យប្រក្រតីភាព នៃទំនាក់ទំនងការទូត រវាងជប៉ុននិងចិន ហើយសន្ធិសញ្ញាសន្តិភាព និងមិត្តភាពចិន-ជប៉ុន ដែលបានចុះហត្ថលេខានៅឆ្នាំ១៩៧៨ បាននាំឱ្យទំនាក់ទំនង រវាងប្រទេសទាំងពីរ កាន់តែប្រសើរឡើង៕