ព័ត៌មានអន្តរជាតិ

ក្រុមខ្មាន់កាំភ្លើងបើការវាយប្រហារ ទៅលើស្ថានីយរថភ្លើងមួយ នៅភាគខាងត្បូងនីហ្សេរីយ៉ា និងចាប់មនុស្ស៣១នាក់ធ្វើជាចំណាប់ខ្មាំង

ឡាហ្គូស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ថា អ្នកនាំពាក្យរបស់រដ្ឋាភិបាលរដ្ឋបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា អ្នកដំណើរចំនួន៣១នាក់ ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង បន្ទាប់ពីក្រុមខ្មាន់កាំភ្លើងបានវាយប្រហារមកលើ ស្ថានីយរថភ្លើងនៅក្នុងរដ្ឋ Edo ភាគខាងត្បូងនៃប្រទេសនីហ្សេរីយ៉ា ។

ក្រុមខ្មាន់កាំភ្លើងមួយក្រុម បានបើកវាយលុកចូលស្ថានីយរថភ្លើង Igueben កាលពីល្ងាចថ្ងៃសៅរ៍ ដោយបានបាញ់ប្រហារជាបន្តបន្ទាប់ទៅលើអាកាស និងចាប់ពង្រត់អ្នកដំណើរដែលកំពុងធ្វើដំណើរទៅកាន់ទីក្រុង Warri ដែលជាទីក្រុងមួយនៅក្នុងរដ្ឋ Delta ដែលនៅជិតខាងនោះ ។

ដំបូងឡើយមនុស្ស៣២នាក់ ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ហើយម្នាក់អាចរត់គេចខ្លួនបាន ។ លោក Chris Nehikhare អ្នកនាំពាក្យបានប្រាប់ ដល់អ្នកយកព័ត៌មាននៅក្នុងរដ្ឋធានី Benin របស់រដ្ឋខាងលើ ។

លោក Nehikhare បានលើកឡើងថា ប្រតិបត្តិការសន្តិសុខបានចាប់ផ្តើមកាប់ឆ្ការគុម្ពោត នៅជុំវិញស្ថានីយ៍ ដើម្បីស្វែងរកខ្មាន់កាំភ្លើងដែលកំពុងរត់គេចខ្លួន និងជនរងគ្រោះដែលត្រូវបានចាប់ពង្រត់ទាំងនោះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top