បរទេស៖ អាហ្វហ្គានីស្ថានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចិន ដែលនឹងវិនិយោគក្នុងទំហំទឹកប្រាក់ ៥៤០លានដុល្លារ ដើម្បីអភិវឌ្ឍវិស័យប្រេងនិងឧស្ម័ននៅក្នុងប្រទេសនេះ។ កិច្ចព្រមព្រៀងនេះគឺជាការវិនិយោគទ្រង់ទ្រាយធំដំបូងគេដែលត្រូវបាន ធ្វើឡើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថានចាប់តាំងពី ក្រុមតាលីបង់បានកាន់កាប់ប្រទេសដែលហែកហួរដោយសង្រ្គាមកាលពីខែសីហា ឆ្នាំ ២០២១ បន្ទាប់ពីការដកទ័ពរបស់ សហរដ្ឋអាមេរិក បន្ទាប់ពីការកាន់កាប់អស់រយៈពេល ២០ ឆ្នាំ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ទោះបីជាទីក្រុងប៉េកាំងមិនទទួលស្គាល់ក្រុមតាលីបង់ ជារដ្ឋាភិបាលស្របច្បាប់របស់ប្រទេសអាហ្វហ្គានីស្ថានក៏ដោយ ក៏ចិនបានទទួលស្គាល់ថាក្រុមនេះកំពុង គ្រប់គ្រងប្រទេសជិតខាង ដែលមានធនធានធម្មជាតិដ៏ច្រើន ដែលធ្វើឱ្យវាមានសារៈសំខាន់ ចំពោះសន្តិសុខ និងយុទ្ធសាស្ត្រសេដ្ឋកិច្ច របស់ប្រទេសចិន។ ដូច្នេះ ខណៈអ្នកការទូតលោកខាងលិច បានភៀសខ្លួនចេញពីទីក្រុងកាប៊ុល បន្ទាប់ពីចូលកាន់កាប់ របស់ក្រុមតាលីបង់ អ្នកចរចាចិនបាននៅបន្តនៅក្នុងប្រទេសនេះដដែល។
ការសម្រេចចិត្តធ្វើកិច្ចព្រមព្រៀង ជាមួយពួកតាលីបង់ គឺជាការពង្រីកភាពលំបាកជាយុទ្ធសាស្ត្រ ដែលចិនប្រឈមមុខនៅពេលនិយាយអំពីសន្តិសុខថាមពល។ ក្នុងនាមជាប្រទេសដែលមានប្រជាជនច្រើនជាងគេ របស់ពិភពលោក និងជាប្រទេសឧស្សាហកម្មយក្ស ចិនក៏ជាប្រទេសប្រើប្រាស់ថាមពលធំជាងគេ របស់ពិភពលោកផងដែរ។ វាមិនមានធនធានគ្រប់គ្រាន់នៅក្នុងប្រទេសរបស់ខ្លួន ដើម្បីបំពេញតម្រូវការរបស់ខ្លួនដែលកំពុងមានការ រីកចម្រើនជាបន្តបន្ទាប់ ខណៈប្រទេសមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនោះទេ។
នេះបានធ្វើឱ្យប្រទេសចិន ជាអ្នកនាំចូលសុទ្ធដ៏សំខាន់ នៃប្រេង និងឧស្ម័នធម្មជាតិ ដែលជាកត្តាជំរុញក្នុងភាពជាដៃគូថ្មីៗជាច្រើនរបស់ខ្លួន រួមទាំងជាមួយរុស្ស៊ី អេក្វាឌ័រ និងរដ្ឋឈូងសមុទ្រនៃមជ្ឈិមបូព៌ា៕
ប្រែសម្រួលៈ ណៃ តុលា