ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបដិសេធរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយអំពីការចល័ត ទ័ពរបស់រុស្ស៊ីបន្ថែមទៀត នៅក្នុងប្រតិបត្តិការយោធាពិសេសរបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន។
លោកសង្កត់ធ្ងន់ថា អាជ្ញាធររុស្ស៊ី ជាជាងប្រព័ន្ធផ្សព្វផ្សាយសង្គម គួរតែជាប្រភពព័ត៌មានចម្បង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
របាយការណ៍ពីធនាគារជាតិ នៃអ៊ុយក្រែន បានបង្ហាញថា ប្រទេសនេះទទួលបានកំណត់ត្រា ៣២,១ពាន់លានដុល្លារអាមេរិក ពីដៃគូបរទេសរបស់ខ្លួនកាលពីឆ្នាំមុន ដោយសហរដ្ឋអាមេរិកជា អ្នកផ្តល់ហិរញ្ញវត្ថុធំបំផុតដល់អ៊ុយក្រែន។
ដោយដកស្រង់របាយការណ៍នេះ ទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាល បានរាយការណ៍កាលពីថ្ងៃចន្ទថា ទីក្រុងវ៉ាស៊ីនតោន បានផ្តល់ជំនួយហិរញ្ញវត្ថុចំនួន ១២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ បន្ទាប់មកដោយសហភាពអឺរ៉ុប ដែលមានទឹកប្រាក់ចំនួន ៨ពាន់លានដុល្លារ និងមូលនិធិរូបិយវត្ថុអន្តរជាតិចំនួន ២,៧ពាន់លានដុល្លារ។
របាយការណ៍បានកត់សម្គាល់ថា ជំនួយហិរញ្ញវត្ថុអន្តរជាតិ បានអនុញ្ញាតឱ្យអ៊ុយក្រែន អាចគាំទ្រដល់ទុនបំរុង ប្តូរប្រាក់បរទេសរបស់ខ្លួន ដែលបានកើនឡើងដល់ ២៨,៥ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី១ ខែមករា ៕
ប្រែសម្រួល ឈូក បូរ៉ា