ម៉ូស្គូ៖ យោងតាមក្រសួងការពារជាតិ របស់ប្រទេសបេឡារុស្ស បានឱ្យដឹងថា កងកម្លាំងការពារដែនអាកាសរុស្ស៊ី និងបេឡារុស្សត្រូវបានពង្រឹង ជាមួយនឹងអង្គភាពមីស៊ីលថ្មី ។
ក្រសួងបានឧ្យដឹងថា “អង្គភាពកាំជ្រួចមីស៊ីល ប្រឆាំងយន្តហោះបាន ឈានទៅដល់តំបន់ ដែលបានកំណត់ ហើយបានចូលបំពេញកាតព្វកិច្ចប្រយុទ្ធ”។ ប្រភពមិនបានបង្ហាញថា មានចំនួនប៉ុន្មានគ្រឿង ឬកាំជ្រួច ឬកន្លែងដែលគេដាក់ពង្រាយនោះទេ។
បេឡារុស្សគ្រោងធ្វើសមយុទ្ធអាកាសចរណ៍ ជាមួយសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួន គឺរុស្ស៊ីដែលចាប់ផ្តើមនៅថ្ងៃចន្ទ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន អាល់ហ្សាហ្ស៊ីរ៉ា។
អ៊ុយក្រែន បានព្រមានម្តងហើយម្តងទៀតថា លោកពូទីនអាចព្យាយាមប្រើបេឡារុស្ស ដើម្បីបើកការឈ្លានពានថ្មីពីភាគខាងជើង ដែលជាជំហានមួយ ដែលនឹងបើកផ្នែកខាងមុខដ៏សំខាន់ នៅក្នុងសង្គ្រាម៕ ប្រែសម្រួល ឈូក បូរ៉ា