គៀវ៖ យោងតាមស្ថិតិផ្លូវការ បានឲ្យដឹងថា អតិផរណានៅក្នុងប្រទេសអ៊ុយក្រែន បានឈានដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល ៧ឆ្នាំ ក្នុងឆ្នាំ២០២២ ដោយឈរនៅ ២៦,៦ភាគរយ ។
កាលពីឆ្នាំមុន អតិផរណារបស់ប្រទេសនេះ ត្រូវបានជំរុញដោយតម្លៃកាន់តែខ្ពស់ សម្រាប់សេវាដឹកជញ្ជូន និងទំនិញម្ហូបអាហារ ដែលបានកើនឡើង ៤២,៩ភាគរយ និង ៣៤,៤ភាគរយរៀងៗខ្លួន នេះបើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយសេវាស្ថិតិរដ្ឋរបស់ប្រទេសកាលពីថ្ងៃអង្គារ។
ការចំណាយសម្រាប់ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះក៏បានរួមចំណែកដល់កំណើនអតិផរណាផងដែរ ដោយកើនឡើង ២៦,៥ ភាគរយនៅឆ្នាំ២០២២ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
តម្លៃស្រា និងថ្នាំជក់ សេវាថែទាំសុខភាព សណ្ឋាគារ និងភោជនីយដ្ឋានក៏មានការកើនឡើងពីរខ្ទង់កាលពីឆ្នាំមុនផងដែរ។ នៅឆ្នាំ២០២១ អតិផរណានៅក្នុងប្រទេសអ៊ុយក្រែនបានកើនឡើងដល់ ១០ ភាគរយពី ៥ ភាគរយកាលពីឆ្នាំមុន៕
ប្រែសម្រួល ឈូក បូរ៉ា