ព័ត៌មានអន្តរជាតិ

ស្រីលង្កា នឹងប្រកាសកន្លែងសក្ការបូជា២៦កន្លែង នៅទូទាំងប្រទេសជាកន្លែងពិសិដ្ឋឆ្នាំ២០២៣

កូឡុំបូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ថា នាយកដ្ឋានផែនការជាតិរបស់ប្រទេសស្រីលង្កានឹងប្រកាសកន្លែងគោរពបូជាចំនួន២៦កន្លែងនៅទូទាំងប្រទេសជាកន្លែងពិសិដ្ឋនៅឆ្នាំ២០២៣ ។ នេះបើយោងតាមនាយកដ្ឋានព័ត៌មានរដ្ឋាភិបាលបានឲ្យដឹងថ្ងៃព្រហស្បតិ៍នេះ ។
ដកស្រង់សម្តីពីរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ទីក្រុង និងលំនៅដ្ឋាន លោក Prasanna Ranatunga និងនាយកដ្ឋានព័ត៌មានបានឲ្យដឹងថា កន្លែងគោរពបូជាចំនួន១៦កន្លែងត្រូវបានកំណត់ថាជាកន្លែងពិសិដ្ឋកាលពីឆ្នាំមុន ។

នាយកដ្ឋានកំណត់តំបន់ដែលមានសារៈសំខាន់ជាតិ និងខេត្តសម្រាប់អ្នកកាន់សាសនា ឬកន្លែងដែលមានសារៈប្រយោជន៍ជាតិ បរិស្ថាន ប្រវត្តិសាស្ត្រ បុរាណវត្ថុ ឬស្ថាបត្យកម្ម ជាកន្លែងពិសិដ្ឋតំបន់ដែលត្រូវបានកំណត់ថា ជាតំបន់ពិសិដ្ឋ នឹងទទួលបានការគាំទ្រពីរដ្ឋាភិបាលបន្ថែម ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ពង្រឹងសន្តិសុខ និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជនដែលមានការងារធ្វើនៅក្នុងតំបន់នោះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top