ព័ត៌មានអន្តរជាតិ

ធនាគារពិភពលោក អនុម័តផ្តល់ហិរញ្ញប្បទាន ទឹកប្រាក់៥០លានដុល្លារ ជួយដល់សូម៉ាលី កំពុងជួបគ្រោះរាំងស្ងួត

ម៉ូហ្គាឌីស៊ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ថា ធនាគារពិភពលោក បានអនុម័តការផ្តល់ហិរញ្ញប្បទាន ចំនួន៥០លានដុល្លារអាមេរិក នៅក្នុងសមាគមអភិវឌ្ឍន៍ អន្តរជាតិ ហៅកាត់ (IDA) ដើម្បីជួយប្រទេសសូម៉ាលី ដោះស្រាយគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរ ដែលបានប៉ះពាល់ដល់មនុស្ស ជិត៨លាននាក់ ។ លោក Kristina Svensson នាយកធនាគារពិភពលោក ប្រចាំប្រទេសសូម៉ាលី បានបញ្ជាក់ឲ្យដឹង នៅថ្ងៃសុក្រនេះ ។

គួរបញ្ជាក់ថា ការផ្តល់ហិរញ្ញប្បទាននេះ នឹងផ្តល់ធនធានសំខាន់ៗ ដើម្បីពង្រីកគម្រោងការធន់ទ្រាំនឹងទីក្រុងសូម៉ាលី ដំណាក់កាលទី២ (SURP-II) នៃការគាំទ្រជាបន្តបន្ទាប់ដល់ចំនួន ៧០លានដុល្លារសម្រាប់ជនភៀស ខ្លួនផ្ទៃក្នុង ហៅថា (IDPs) ដែលបណ្តាលមកពីគ្រោះរាំងស្ងួត ដែលហូរចូលទៅក្នុងកណ្តាលទីក្រុង និងកែលម្អក្រុង ។

លោក Svensson បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញនៅទីក្រុង ម៉ូហ្គាឌីស៊ូ ថា “ការឆ្លើយតបគ្រោះរាំងស្ងួត ដែលគាំទ្រដោយធនាគារពិភពលោក បានផ្តល់ដល់រដ្ឋាភិបាលដឹកនាំប្រទេស ដើម្បីសម្របសម្រួល និងត្រួតពិនិត្យ ការឆ្លើយតបបន្ទាន់” ។

ប្រទេសសូម៉ាលី កំពុងជួបប្រទះនឹងបញ្ហារាំងស្ងួត ជាប្រវត្តិសាស្ត្រជាមួយនឹងរដូវវស្សា ដែលបានបរាជ័យជាលើកទី៥ជាប់គ្នា ដែលជាស្ថានភាព ដែលមិនធ្លាប់ជួប ប្រទះពីមុនឡើយ ក្នុងរយៈពេលជាង៤ទសវត្សរ៍មកហើយ ។ ប្រទេសនេះស្ថិតនៅលើគែមនៃគ្រោះទុរ្ភិក្ស ខណៈដែលមនុស្ស ជាង៧,៨លាននាក់ត្រូវបានប៉ាន់ប្រមាណថា រងផលប៉ះពាល់ដោយកង្វះទឹកធ្ងន់ធ្ងរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top