ព័ត៌មានអន្តរជាតិ

ម៉ិកស៉ិក៖ ការគ្រប់គ្រង អាវុធជាអាទិភាព ក្នុងទំនាក់ទំនងទ្វេភាគី ជាមួយអាមេរិក

ម៉ិកស៊ីកូ៖ រដ្ឋមន្ត្រីការបរទេសម៉ិកស៊ិកលោក Marcelo Ebrard បាននិយាយកាលពីថ្ងៃសុក្រថា ការគ្រប់គ្រងការជួញដូរអាវុធពីសហរដ្ឋអាមេរិកគឺជាអាទិភាព សម្រាប់ម៉ិកស៊ិកក្នុងទំនាក់ទំន ងទ្វេភាគីជាមួយប្រទេសជិតខាងភាគខាងជើងរបស់ខ្លួន។

លោក Ebrard បានឲ្យដឹងនៅក្នុងសម័យប្រជុំសំខាន់នៃកិច្ចប្រជុំលើកទី៣៤ របស់ឯកអគ្គរដ្ឋទូត និងកុងស៊ុលម៉ិកស៊ិកថា “យើងបានពិភាក្សាគ្រប់គ្រាន់អំពីបញ្ហា និងផលប៉ះពាល់ជំនួសឱ្យមូលហេតុ ព្រោះវារំខានយើង” ។

លោក​បាន​បន្ត​ថា “សហរដ្ឋ​អាមេរិក​ជា​ប្រទេស​អភិវឌ្ឍន៍ ​ដែល​មាន​អំពើ​ហិង្សា​ច្រើន​ជាង​គេ​ព្រោះ​អ្នក​អាច​ទិញ​កាំភ្លើង​នៅ​គ្រប់​ជ្រុង​ផ្លូវ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Ebrard បានបន្ដទៀតថា អាជ្ញាធរម៉ិកស៊ិក បានរឹបអូសអាវុធដែលមានថាមពលខ្ពស់ចំនួន ៤៧ រួមទាំងអាវុធប្រឆាំងយន្តហោះក្នុងអំឡុងពេលចាប់ខ្លួនអ្នកជួញដូរគ្រឿងញៀន Ovidio Guzman Lopez កូនប្រុសរបស់ស្តេចគ្រឿងញៀនម៉ិកស៊ិក Joaquin “El Chapo” Guzman ដែលជាប់ពន្ធនាគារ។

រដ្ឋមន្ត្រីការបរទេសបានកត់សម្គាល់ថា ប្រទេសរបស់លោកនឹងប្រើប្រាស់ សកម្មភាពផ្លូវច្បាប់ សំណើនយោបាយ សំណើបទប្បញ្ញត្តិ សកម្មភាពត្រួតពិនិត្យ និងបណ្តឹងនានា ដូចជាការប្តឹងនៅក្នុងតុលាការសហរដ្ឋអាមេរិកប្រឆាំងនឹងក្រុមហ៊ុនផលិត និងអ្នកចែកចាយអាវុធ ដើម្បីទប់ស្កាត់ការចូលអាវុធ៕

To Top