ព័ត៌មានអន្តរជាតិ

Update៖ ត្រឹមជាង១ខែប៉ុណ្ណោះ ចិន បញ្ចេញរបាយការណ៍ ពីចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ ជិត៦ម៉ឺននាក់

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ថា អាជ្ញាធរសុខាភិបាលរបស់ប្រទេសចិន នៅថ្ងៃសៅរ៍នេះ បានរាយការណ៍ថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ជិត ៦០,០០០នាក់ ក្នុងរយៈពេលត្រឹមតែជាង១ខែ ដែលជាចំនួនអ្នកស្លាប់ដ៏ច្រើនដំបូងគេ ដែលចេញផ្សាយដោយរដ្ឋាភិបាល ចាប់តាំងពីការបន្ធូរបន្ថយការរឹតបន្តឹង ទប់ទល់នឹងមេរោគ កាលពីដើមខែធ្នូ ។

យោងតាមមន្ត្រីគណៈកម្មាធិការសុខភាពជាតិ ហៅកាត់ថា (NHC)បានឲ្យដឹងថា ប្រទេសចិន បានកត់ត្រាការស្លាប់ ដែលទាក់ទងនឹងជំងឺកូវីដ-១៩ចំនួន៥៩.៩៣៨នៅចន្លោះថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១២ ខែមករានេះ ។

គួរបញ្ជាក់ថា តួលេខនេះសំដៅតែលើការស្លាប់ ដែលត្រូវបានកត់ត្រា នៅក្នុងកន្លែងពេទ្យប៉ុណ្ណោះ ដោយចំនួនអ្នកស្លាប់សរុបទំនងជាខ្ពស់ជាងនេះ ។

លោក Jiao Yahui ប្រធានការិយាល័យរដ្ឋបាលវេជ្ជសាស្ត្ររបស់ NHC បានប្រាប់ដល់សន្និសីទសារព័ត៌មានមួយថា ទិន្នន័យរួមមានការស្លាប់ចំនួន៥.៥០៣នាក់ ដែលបណ្តាលមកមានបញ្ហាធ្ងន់ធ្ងរ លើផ្លូវដង្ហើមដោយផ្ទាល់ដោយសារវីរុស ហើយការស្លាប់ចំនួន៥៤.៤៣៥នាក់ ដែលបណ្តាលមកពីលក្ខខណ្ឌមូលដ្ឋាន រួមផ្សំជាមួយនឹងជំងឺកូវីដ-១៩ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top