ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិនបានជំរុញឱ្យសាធារណៈរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បន្តដោះស្រាយ និងគ្រប់គ្រងបញ្ហា THAAD ឱ្យបានត្រឹមត្រូវ ដើម្បីការពារកុំឱ្យវាក្លាយជា ឧបសគ្គរារាំងដល់ទំនាក់ទំនងទ្វេភាគី។
អ្នកនាំពាក្យ Wang Wenbin បានធ្វើការកត់សម្គាល់នៅក្នុង សន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានសួរឱ្យ ធ្វើអត្ថាធិប្បាយលើការរៀបចំសេចក្តីព្រាង របាយការណ៍របស់កូរ៉េខាងត្បូង ស្តីពីការវាយតម្លៃផលប៉ះពាល់ បរិស្ថាននៃមូលដ្ឋាន THAAD ។
លោក Wang បានបន្ដថា ប្រទេសចិនកំពុងតាមដានយ៉ាងដិតដល់ នូវចំណាត់ការរបស់កូរ៉េខាងត្បូងលើបញ្ហា THAAD ហើយកំពុងរក្សាទំនាក់ទំនងជាមួយ កូរ៉េខាងត្បូងនៅគ្រប់កម្រិតលើបញ្ហានេះ។
លោកបន្ថែមថា “យើងសង្ឃឹមថា ភាគីកូរ៉េខាងត្បូងនឹងបន្តដោះស្រាយ និងគ្រប់គ្រងបញ្ហា THAAD ឱ្យបានត្រឹមត្រូវ ស្របតាមការឯកភាពលើ THAAD ដែលបានឈានដល់រវាងទីប្រឹក្សារដ្ឋចិន លោក វ៉ាង យី និងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង Park Jin នៅពេលដែលពួកគេបានជួបគ្នានៅទីក្រុង Qingdao កាលពីខែសីហាឆ្នាំមុន។ លោកបានបន្តថា គួររារាំងវាមិនឱ្យក្លាយជាឧបសគ្គ ដែលរារាំងដល់ទំនាក់ទំនងទ្វេភាគី” ៕
ប្រែសម្រួល ឈូក បូរ៉ា