បរទេស ៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប្រទេសវៀតណាម បានផ្សាយនៅថ្ងៃអង្គារនេះថា ប្រធានាធិបតីវៀតណាម លោក Nguyen Xuan Phuc បានដាក់ពាក្យលាលែងពីតំណែង បន្ទាប់ពីបក្សកុម្មុយនិស្ត ដែលកំពុងកាន់អំណាច បានរកឃើញថា លោកបានទទួលខុសត្រូវ ចំពោះការរំលោភបំពាន និងការធ្វើខុសរបស់មន្ត្រីជាច្រើន នៅក្រោមបង្គាប់លោក ។
យោងតាមសារព័ត៌មាន The Straits Times ចេញផ្សាយ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានរាយការណ៍ ដោយដកស្រង់ពីគណៈកម្មាធិការមជ្ឈិម ដ៏មានអំណាចរបស់បក្សថា “ដោយដឹងច្បាស់ពីការទទួលខុសត្រូវ របស់លោកចំពោះមុខបក្ស និងប្រជាជន គឺលោក Nguyen Xuan Phuc បានដាក់ពាក្យសុំលាលែងពីមុខតំណែងដែលត្រូវបានចាត់តាំង លាឈប់ពីការងារ ហើយចូលនិវត្តន៍” ។
មានការរំពឹងទុកយ៉ាងទូលំទូលាយ អំពីការលាលែងរបស់លោក Phuc បន្ទាប់ពីការបណ្តេញ ឧបនាយករដ្ឋមន្ត្រីពីររូប កាលពីខែមករា ដែលកំពុងធ្វើការក្រោមការដឹកនាំ របស់លោកនៅពេលលោកដឹកនាំរដ្ឋាភិបាល ។
ឧបនាយករដ្ឋមន្ត្រីពីររូប – រួមមាន អតីតមន្ត្រីការទូតកំពូលលោក Pham Binh Minh និង លោក Vu Duc Dam ដែលដឹកនាំការឆ្លើយ តបទៅនឹង Covid-19 ត្រូវបានបណ្តេញចេញ ដើម្បីទទួលខុសត្រូវ ចំពោះការស៊ើបអង្កេត នៃការសូកប៉ាន់ ដែលទាក់ទងនឹងជើងហោះហើរ ធ្វើមាតុភូមិនិវត្តន៍ និងក្រុមហ៊ុនផលិត ឧបករណ៍ធ្វើតេស្ត Covid-19 ។
ដើម្បីឲ្យមានប្រសិទ្ធភាព ការលាលែងរបស់លោក Phuc ទាមទារការអនុម័តពីរដ្ឋសភា ។ សារព័ត៌មាន Reuters កាលពីថ្ងៃចន្ទបានរាយការណ៍ថា សភានឹងរៀបចំកិច្ចប្រជុំវិសាមញ្ញ ដ៏កម្រមួយក្នុងសប្តាហ៍នេះ ។
លោក Phuc ដែលមានអាយុ ៦៨ ឆ្នាំបានកាន់តំណែងជាពិធីដ៏ធំបំផុត ក្នុងរយៈពេលតិចជាងពីរឆ្នាំ។ លោកត្រូវបានរដ្ឋសភា បោះឆ្នោតជ្រើសរើសនៅខែមេសា ឆ្នាំ២០២១ បន្ទាប់ពីកាន់តំណែង ជានាយករដ្ឋមន្ត្រីរយៈពេលប្រាំឆ្នាំ៕
ប្រែសម្រួលៈ ណៃ តុលា