ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ គំរាម​កម្ទេច​សាកសព​ ពលរដ្ឋ​អង់គ្លេស​-​អ៊ីរ៉ង់ ដែល​ត្រូវ​ប្រហារជីវិតថ្មីៗនេះ

តេអេរ៉ង់៖ សមាជិកសភាអង់គ្លេស បានឲ្យដឹងថា អ៊ីរ៉ង់បានបដិសេធមិនប្រគល់សាកសព ពលរដ្ឋអង់គ្លេស-អ៊ីរ៉ង់ លោក Alireza Akbari ដែលត្រូវបានប្រហារជីវិត នៅទីក្រុងតេហេរ៉ង់ លើការចោទប្រកាន់ពីបទចារកម្ម កាលពីសប្តាហ៍មុននោះឡើយ។

សមាជិកសភាការងារលោក Andy Slaughter ដែលតំណាងឱ្យសង្កាត់ Hammersmith ក្នុងទីក្រុងឡុងដ៍ ជាកន្លែងដែលលោក Akbari ធ្លាប់រស់នៅ បានលើកឡើងថា អាជ្ញាធរក្នុងប្រទេសអ៊ីរ៉ង់ បានគំរាមបំផ្លាញសាកសពរបស់លោក Akbari ហើយថាលោកត្រូវបានគេបញ្ចុះរួចហើយ ដោយដកស្រង់ព័ត៌មានពីក្រុមគ្រួសារ របស់លោកនៅចក្រភពអង់គ្លេស។

ការប្រហារជីវិតនេះបានទាក់ទាញ ការថ្កោលទោសយ៉ាងខ្លាំង ពីអន្តរជាតិ មិនត្រឹមតែពីនាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak ប៉ុណ្ណោះទេ ថែមទាំងពីប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង និងប្លុកពាណិជ្ជកម្មអឺរ៉ុប ផងដែរ។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ អ៊ីរ៉ង់ បានឃុំខ្លួនពលរដ្ឋពីរសញ្ជាតិមកពីប្រទេសលោកខាងលិចភាគច្រើន ដោយចោទប្រកាន់ពួកគេពីបទចារកម្ម ការចោទប្រកាន់ ដែលត្រូវបានច្រានចោលយ៉ាងទូលំទូលាយនៅខាងក្រៅប្រទេសអ៊ីរ៉ង់ថា គ្មានមូលដ្ឋាន។

ក្រុមអ្នកវិភាគឲ្យដឹងថា អ៊ីរ៉ង់ ចាប់ពលរដ្ឋធ្វើជាចំណាប់ខ្មាំង ដើម្បីប្រើប្រាស់ជាឥទ្ធិពលប្រឆាំងនឹងលោកខាងលិច ប៉ុន្តែគោលនយោបាយនេះហាក់ដូចជាមានការតបតវិញថាជាការគាំទ្រក្នុងការបន្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ យ៉ាងឆាប់រហ័សនៅក្នុងទ្វីបអឺរ៉ុប និងអាមេរិកខាងជើង។

អ្នកនយោបាយអ៊ីរ៉ង់មួយចំនួនបានសង្ឃឹមថាលោកខាងលិច នឹងបន្តកិច្ចព្រមព្រៀងដែលត្រូវបានបោះបង់ចោល ដោយអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ និងពាក់ព័ន្ធនឹងការបន្ធូរបន្ថយ ទណ្ឌកម្មពាណិជ្ជកម្ម អន្តរជាតិ ជាថ្នូរនឹងការឱ្យអ៊ីរ៉ង់ ទទួលយកការត្រួតពិនិត្យ របស់អង្គការសហប្រជាជាតិ អំពីកន្លែងនុយក្លេអ៊ែរ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top