បរទេស៖ យោងតាមកាសែតអង់គ្លេស The Times បានឱ្យដឹងថា កងកម្លាំងអ៊ុយក្រែននៅក្នុងទីក្រុង Artyomovsk របស់រុស្ស៊ី (ហៅថា Bakhmut ដោយទីក្រុងគៀវ) កំពុងប្រឈមមុខនឹងស្ថានភាព “អស់សង្ឃឹម និងស្លាប់ជាប្រចាំ” ។ ការអះអាងកាលពីថ្ងៃចន្ទ បានកើតឡើងខណៈដែល មន្ត្រីរដ្ឋាភិបាលទីក្រុងគៀវ បាននិយាយបន្ធូរស្ថានការណ៍ អំពីការសម្រុកទៅមុខដែលធ្វើឡើង ដោយទាហានរុស្ស៊ីកាលពីសប្តាហ៍មុន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅចុងសប្តាហ៍នេះ ទីក្រុងមូស្គូបានអះអាងថា ខ្លួនបានដណ្តើមកាន់កាប់ទីក្រុង Soledar ទាំងស្រុង ដែលស្ថិតនៅចម្ងាយ ១០ គីឡូម៉ែត្រភាគឦសាននៃទីក្រុង Artyomovsk ។ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែនលោកស្រី Anna Malyar បានអះអាងកាលពីថ្ងៃអាទិត្យថា ការប្រយុទ្ធដើម្បីក្រុងនេះពិតជាកំពុងបន្ត ហើយបានព្រមានប្រឆាំងនឹង ការបោះពុម្ពផ្សាយនូវអ្វីដែលលោកស្រីហៅថា “គ្មានការអនុញ្ញាតជាផ្លូវការ” ពីព័ត៌មានអំពីស្ថានភាពនៅលើដី។
យ៉ាងណាក៏ដោយ កាសែត The Times គឺមិនបានអើពើរនឹងបទបញ្ជា របស់អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ អ៊ុយក្រែនរូបនេះទេ ហើយបានរាប់បញ្ចូលគណនីមួយចំនួន នៃកងកម្លាំងអ៊ុយក្រែនដែលត្រូវបាន គ្របដណ្ដប់ដោយទាហានរុស្ស៊ីនៅ Soledar ហើយបានដកថយទៅ Artyomovsk ។
ការបោះពុម្ពផ្សាយបានកត់សម្គាល់ថា អង្គភាពមួយបែបនេះមិនមានសិទ្ធិចូលប្រើ “អាវុធឆ្លាតវៃ ឬអាវុធទំនើបកម្រិតខ្ពស់ទាំងអស់ ដែលផ្តល់ឱ្យកងវរសេនាធំវរជន របស់កងទ័ពអ៊ុយក្រែនដោយណាតូនោះទេ” ។ បើតាមសេចក្តីរាយការណ៍ ទាហាន គឺមានបទពិសោធន៍ប្រយុទ្ធតិចតួច។ កាសែតនេះបាននិយាយថា ការចូលរួមរបស់ពួកគេក្នុងការប្រយុទ្ធដើម្បី Soledar ភាគច្រើនត្រូវបានបាញ់ប្រហារ ក្នុងទិសដៅទូទៅដែលពួកគេជឿថា ពួកគេកំពុងរងការវាយប្រហារ ៕
ប្រែសម្រួលៈ ណៃ តុលា