គៀវ៖ អគ្គនាយក IAEA លោក Rafael Mariano Grossi បានឲ្យដឹងថា ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានបង្កើតបេសកកម្មគាំទ្រ និងជំនួយនៅរោងចក្រថាមពលនុយក្លេអ៊ែរ Pivdennoukrainsk (NPP) នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន។
លោក Grossi បានសរសេរនៅលើបណ្ដាញ Twitter បន្ទាប់ពីពិធីលើកទង់ជាតិនៅឯរោងចក្រថា “យើងនៅទីនេះ ដើម្បីជួយធានាសុវត្ថិភាព និងសន្តិសុខនុយក្លេអ៊ែរក្នុងអំឡុងពេល ជម្លោះដែលកំពុងកើតមាន។
លោក Grossi បានលើកឡើងថា ឆាប់ៗនេះ IAEA នឹងមានវត្តមានជាអចិន្ត្រៃយ៍នៅ NPPs អ៊ុយក្រែនទាំងអស់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់សន្និសីទសារព័ត៌មាន ប្រចាំថ្ងៃមួយកាលពីថ្ងៃចន្ទថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ី មិនវាយប្រហារអគារលំនៅដ្ឋាន ឬហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនោះទេ ប៉ុន្តែជាគោលដៅយោធា នៅក្នុងប្រទេសអ៊ុយក្រែន។
លោកបានបដិសេធថា កងកម្លាំងរុស្ស៊ី បានបង្កឱ្យមានការដួលរលំអគារ លំនៅដ្ឋានមួយនៅកណ្តាលទីក្រុង Dnipro អ៊ុយក្រែនកាលពីសប្តាហ៍មុន ដោយលើកឡើងថា វាត្រូវបានបំផ្លាញដោយមីស៊ីល ស្ទាក់ចាប់របស់ទីក្រុងគៀវ ៕
ប្រែសម្រួល ឈូក បូរ៉ា