បរទេស៖ តាមការទាមទារសម្រាប់ទីក្រុងប៊ែកឡាំង ឱ្យយល់ព្រមលើការដឹកជញ្ជូន រថក្រោះប្រយុទ្ធសំខាន់ Leopard ទៅកាន់ទីក្រុងគីវ បានគំរាមកំហែងធ្វើឱ្យសម្ព័ន្ធភាព ដែលកំពុងគ្រប់គ្រងប្រទេសអាល្លឺម៉ង់ឱ្យបែកបាក់, ក្រុមមន្ត្រីជាន់ខ្ពស់បាននិយាយថា សហរដ្ឋអាមេរិកគួរតែ យល់ព្រមបញ្ជូនរថក្រោះ Abrams របស់ខ្លួនទៅឱ្យអ៊ុយក្រែនជាមុនសិន នេះបើយោងតាមកាសែត Wall Street Journal ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រទេសប៉ូឡូញ ហ្វាំងឡង់ និងដាណឺម៉ាក បានស្ម័គ្រចិត្តបញ្ជូនរថក្រោះ Leopard មួយចំនួននៅក្នុងកម្មសិទ្ធិ របស់ពួកគេទៅឱ្យយោធាអ៊ុយក្រែន ប៉ុន្តែការស្ម័គ្រចិត្តបញ្ជូននេះ នឹងទាមទារការអនុញ្ញាត ពីប្រទេសអាល្លឺម៉ង់។ ក្រុមមន្ត្រីបានប្រាប់កាសែតថា ទីក្រុងប៊ែកឡាំងមិនទាន់ទទួលបាន សំណើផ្លូវការណាមួយចំពោះ លទ្ធផលនោះនៅឡើយទេ។
“មន្ត្រីជាន់ខ្ពស់អាល្លឺម៉ង់” បានប្រាប់អ្នកសារព័ត៌មានថា អាល្លឺម៉ង់នឹងសុខចិត្តផ្តល់ការយល់ព្រម ប៉ុន្តែលុះត្រាតែសហរដ្ឋអាមេរិក បានប្រកាសថា ខ្លួននឹងបញ្ជូន Abrams MBTs មួយចំនួនរបស់ខ្លួនទៅកាន់ទីក្រុងគីវ។

អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានពណ៌នាប្រទេសអាល្លឺម៉ង់ថាជា “ទំនាក់ទំនងជាយុទ្ធសាស្ត្រ” ជាមួយមិត្តភ័ក្តិ និងដៃគូរបស់ខ្លួន នៅពេលនិយាយអំពីការសម្រេចចិត្ត អំពីរបៀបគាំទ្រអ៊ុយក្រែន។ នៅពេលសួរកាលពីថ្ងៃពុធ អំពីស្ថានភាពរថក្រោះ Leopard , លោក Scholz បានប្រាប់វេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ថា លោកមានការព្រួយបារម្ភអំពីជម្លោះ នៅក្នុងប្រទេសអ៊ុយក្រែនដែលកំពុងកើនឡើង ៕
ប្រែសម្រួលៈ ណៃ តុលា
