ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីហ្វីលីពីន ច្រានចោលលទ្ធភាព នៃការបើកឡើងវិញ នូវអតីតមូលដ្ឋានទ័ពជើងទឹក និងមូលដ្ឋានទ័ពអាកាសអាមេរិក

បរទេស៖ ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Junior បានច្រានចោលនូវលទ្ធភាព នៃការបើកឡើងវិញនូវអតីតមូលដ្ឋានទ័ពជើងទឹកអាមេរិក Subic Bay និងមូលដ្ឋានទ័ពអាកាស Clark នៅក្នុងប្រទេសហ្វីលីពីន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងជាមួយប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស នៅក្រៅវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos លោក Marcos បាននិយាយថា ការបើកឡើងវិញ នូវអតីតមូលដ្ឋានទ័ពអាមេរិក គឺផ្ទុយនឹងរដ្ឋធម្មនុញ្ញរបស់ប្រទេសហ្វីលីពីន ដែលហាមឃាត់មូលដ្ឋានបរទេសនៅលើទឹកដីរបស់ខ្លួន។

កងកម្លាំងប្រដាប់អាវុធហ្វីលីពីន តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមប្រតិបត្តិការឡើងវិញ នៃឈូងសមុទ្រ Subic នៅសមុទ្រចិនខាងត្បូង ក្នុងខែឧសភា ឆ្នាំ២០២២ ក្នុងរយៈពេល៣០ឆ្នាំ បន្ទាប់ពីការបិទមូលដ្ឋានទ័ពអាមេរិក ក្រោមហេតុផលនៃការកើនឡើង នៃសកម្មភាពយោធារបស់ចិន។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានបង្ហាញថា យោធាអាមេរិកនឹងស្វែងយល់ ពីលទ្ធភាពនៃការចែករំលែកស្ថានការណ៍ដែលនឹងកើតឡើង។ ក្នុងពេលជាមួយគ្នានេះ ទីក្រុងម៉ានីលត្រូវបានគេរំពឹងថា នឹងស្វាគមន៍កប៉ាល់អាមេរិក និងជប៉ុននៅក្នុងដែនទឹករបស់ខ្លួន ព្រោះវត្តមានរបស់ពួកគេនឹងជួយរក្សាតុល្យភាព នៅក្នុងតំបន់ជម្លោះជាមួយចិន៕ ប្រែសម្រួលៈ ណៃ តុលា

To Top