បរទេស៖ ទីក្រុងវ៉ាស៊ីនតោនអះអាងថា រុស្ស៊ីកំពុងរៀបចំការវាយលុកថ្មីមួយទៀត ហើយបានបញ្ជូនរដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin ទៅជួបជាមួយសមភាគី អាល្លឺម៉ង់លោក Boris Pistorius នៅថ្ងៃព្រហស្បតិ៍ ។ អ្នកទាំងពីរគ្រោងនឹង ពិភាក្សាអំពីការស្ទាក់ស្ទើរ ជាយូរមកហើយរបស់ទីក្រុងប៊ែរឡាំង ក្នុងការផ្តល់រថក្រោះធុនធ្ងន់ដល់ទីក្រុងគៀវ, នេះបើយោងតាមរបាយការណ៍ ព័ត៌មាននៅលើគេហទំព័រផ្លូវការ របស់ក្រសួងការពារជាតិ (DoD)។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា គេហទំព័រ DoD News រាយការណ៍ថា លោក Austin បានស្ថិតនៅក្នុងប្រទេសអាឡឺម៉ង់រួចហើយ ហើយគ្រោងនឹងធ្វើដំណើរទៅកាន់មូលដ្ឋានទ័ពអាកាស Ramstein ដើម្បីជួបជាមួយលោក Pistorius ដែលទើបតែត្រូវបានតែងតាំងឱ្យបំពេញតួនាទីរបស់លោក ដើម្បីធ្វើការលើ “ដោះសោ” នោះគឺ រថក្រោះ German Leopard 2 សម្រាប់ឱ្យប្រទេសអ៊ុយក្រែន។
កិច្ចប្រជុំនេះ គឺជាការឈានមុខគេមួយ សម្រាប់កិច្ចប្រជុំកំពូល នៃក្រុមទំនាក់ទំនងការពារជាតិ អ៊ុយក្រែន ដែលគ្រោងធ្វើនៅចុងសប្តាហ៍នេះ ដែលគេនឹងឃើញរដ្ឋមន្ត្រីការពារជាតិ មកពីទូទាំងទ្វីបអឺរ៉ុបកោះប្រជុំ ដើម្បីពិភាក្សាអំពីជំនួយយោធា បន្ថែមទៀត ដល់ក្រុងគៀវ។
មន្ត្រីអាមេរិក បានអះអាងថា រុស្ស៊ីកំពុងរៀបចំការវាយលុក នៅនិទាឃរដូវ នៅអ៊ុយក្រែន ហើយបានសង្កត់ធ្ងន់ លើសារៈសំខាន់ នៃការផ្តល់កងកម្លាំងរបស់ទីក្រុងគៀវ ជាមួយនឹងឧបករណ៍ចាំបាច់ ដូចជា ប្រព័ន្ធការពារដែន អាកាស និងកាំភ្លើងធំ ដើម្បីទប់ទល់នឹង ការវាយប្រហាររបស់ទីក្រុងមូស្គូ និងចាប់ផ្តើមការវាយ លុករបស់ពួកគេ៕
ប្រែសម្រួលៈ ណៃ តុលា
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																											 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									