បរទេស៖ មន្ដ្រីក្រសួងការពារជាតិអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកបានស្នើឱ្យ កងកម្លាំងរបស់ខ្លួនដែលឈរជើង នៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីផ្តល់ឧបករណ៍យោធាសម្រាប់អ៊ុយក្រែន ខណៈពេលដែលមន្ទីរប៉ង់តាហ្គោន មិនបានបញ្ជាក់ថាតើ ឧបករណ៍ប្រភេទណាដែលនឹង ត្រូវទាមទារនោះទេ។ របាយការណ៍មុនៗបានបង្ហាញថា សហរដ្ឋអាមេរិកកំពុងស្វែងរក ប្រភពកាំភ្លើងធំពីទីក្រុងសេអ៊ូល។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា កងកម្លាំងសហរដ្ឋអាមេរិកកូរ៉េ បានបញ្ជាក់ពីសំណើរបស់មន្ទីរបញ្ចកោណ ដោយអ្នកនាំពាក្យបាននិយាយថា វានឹងមិនមានផលប៉ះពាល់ ដល់ប្រតិបត្តិការរបស់យើង និងសមត្ថភាពរបស់យើង ក្នុងការប្រតិបត្តិតាមការប្តេជ្ញាចិត្ត របស់យើងចំពោះការការពារសម្ព័ន្ធមិត្ត របស់យើងគឺសាធារណរដ្ឋកូរ៉េនោះទេ។
អ្នកនាំពាក្យមិនបានបញ្ជាក់ថា តើឧបករណ៍ប្រភេទណា ដែលត្រូវបានស្នើសុំ បរិមាណប៉ុន្មាននឹងត្រូវផ្គត់ផ្គង់ ឬថាតើត្រូវបានផ្ទេររួចហើយនោះទេ។
ទោះជាយ៉ាងណាក៏ដោយ កាសែត New York Times បានអះអាងកាលពីថ្ងៃអង្គារថា មន្ទីរបញ្ចកោណបានផ្តល់ឱ្យ អ៊ុយក្រែននូវគ្រាប់កាំភ្លើងធំ ១៥៥ មីលីម៉ែត្រពីស្តុករបស់ខ្លួន នៅក្នុងប្រទេសកូរ៉េខាងត្បូង និងអ៊ីស្រាអែលរួចហើយ។
កាសែតបានរាយការណ៍ ដោយដកស្រង់សម្តីមន្ត្រីអាមេរិកអនាមិកម្នាក់ថា សហរដ្ឋអាមេរិកបានផ្គត់ផ្គង់ ដល់ប្រទេសអ៊ុយក្រែន នូវគ្រាប់កាំភ្លើងធំជាងមួយលានគ្រាប់ ដែលជា “ចំណែកដ៏ច្រើន” ដែលមកពីប្រទេសទាំងពីរនេះ៕
ប្រែសម្រួលៈ ណៃ តុលា