ហែលស៊ីនគី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ថា កាលពីថ្ងៃសុក្រប្រទេសហ្វាំងឡង់ បានប្រកាសកាពីអំណោយថ្មី នៃសម្ភារៈការពារជាតិដែលមានតម្លៃជាង ៤០០លានអឺរ៉ូ ស្មើនឹង៤៣៤ លានដុល្លារអាមេរិក សម្រាប់ប្រទេសអ៊ុយក្រែន ដោយមិនរាប់បញ្ចូលរថក្រោះធុនធ្ងន់ Leopard 2 ដែលខ្លួនបានឲ្យដឹងថា ខ្លួនក៏អាចបញ្ជូនផងដែរ ប្រសិនបើមានកិច្ចព្រមព្រៀងជាមួយសម្ព័ន្ធមិត្ត ។
ក្រសួងការពារជាតិបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបរិច្ចាកថ្មីនេះនឹងកើនឡើង ៣ដងនៃតម្លៃសរុបនៃជំនួយការពារជាតិ របស់ប្រទេសហ្វាំងឡង់ដល់អ៊ុយក្រែន ដែលនាំឱ្យចំនួនសរុប មកដល់ពេលនេះដល់ ៥៩០លានអឺរ៉ូ ។
លោក Miika Pynnonen ទីប្រឹក្សាពិសេសរបស់ រដ្ឋមន្ត្រីការពារជាតិហ្វាំងឡង់ បានឲ្យដឹងថា ការសម្រេចចិត្តលើការបរិច្ចាគរថក្រោះ Leopard 2 ដែលហ្វាំងឡង់មានប្រហែល ២០០គ្រឿង នឹងត្រូវធ្វើឡើងដោយឡែកពីគ្នា បន្ទាប់ពីពិភាក្សាជាមួយសម្ព័ន្ធមិត្ត នៅឯមូលដ្ឋានទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់ ។
លោក Pynnonen បានប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន Reuters ថា “ខ្ញុំគ្រាន់តែអាចនិយាយបានថា កញ្ចប់នេះមិនរួមបញ្ចូលរថពាសដែក Leopard … វាមានអាវុធធុនធ្ងន់ និងគ្រាប់រំសេវឡើយ” ។
គួររំលឹកថា ប្រទេសហ្វាំងឡង់ ធ្លាប់បានបង្ហាញថា ខ្លួនអាចបញ្ជូនរថពាសដែក Leopard ផលិតដោយអាល្លឺម៉ង់ បានប្រសិនបើមានការព្រមព្រៀងគ្នា ក្នុងចំណោមសម្ព័ន្ធមិត្ត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា