ព័ត៌មានអន្តរជាតិ

យន្តហោះអត្តឃាត គ្មានមនុស្សបើក៣គ្រឿង វាយប្រហារមូលដ្ឋានយោធាអាមេរិក នៅស៊ីរី

បរទេស៖ យន្តហោះគ្មានមនុស្សបើក ផ្ទុកគ្រឿងផ្ទុះជាច្រើនគ្រឿងបានកំណត់គោលដៅ លើមូលដ្ឋានយោធាអាមេរិក មួយនៅភាគខាងត្បូងប្រទេសស៊ីរី ដោយមួយគ្រឿងបានវាយប្រហារបរិវេណនោះដោយជោគជ័យ, នេះបើយោងតាមបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក។ ទីក្រុងវ៉ាស៊ីនតោននៅតែបារម្ភចំពោះទាហាន ១ ០០០ នាក់នៅក្នុងប្រទេសមជ្ឈិមបូព៌ា ទោះបីជាមានការទាមទារម្តងហើយម្តងទៀត ពីរដ្ឋាភិបាលក្រុងដាម៉ាសឱ្យដកខ្លួនចេញក៏ដោយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក CENTCOM បាននិយាយថា ការវាយប្រហារនេះមានជាប់ពាក់ព័ន្ធនឹងយន្តហោះគ្មានមនុស្សបើក អត្តឃាតចំនួនបីគ្រឿង ហើយបានកើតឡើងនៅព្រឹកថ្ងៃសុក្រនៅឯយោធភូមិភាគអាមេរិកក្នុងទីក្រុង al-Tanf ប្រទេសស៊ីរី ជាកន្លែងដែលកងកម្លាំងអាមេរិក បានឈរជើងយូរមកហើយជាមួយនឹងក្រុមយុទ្ធជនជីវពល ដែលពីមុនបានព្យាយាមផ្តួលរំលំរដ្ឋាភិបាលស៊ីរី។

យោធាបាននិយាយថា “យន្តហោះគ្មានមនុស្សបើក២គ្រឿង ត្រូវបានបាញ់ទម្លាក់ដោយកងកម្លាំងចម្រុះ ខណៈពេលដែលមួយបានវាយប្រហារបរិវេណនោះដោយជោគជ័យ ដោយបានបណ្តាលសមាជិក២នាក់នៃកងកម្លាំង ដៃគូរបស់កងទ័ពសេរីស៊ីរីរបួស។ 

យោធាបានបន្ថែមថា គ្មានកងកម្លាំងអាមេរិកណាម្នាក់រងរបួសនោះទេ ហើយថាការវាយប្រហារបែបនេះគឺ “មិនអាចទទួលយកបាន” ខណៈដែលពួកគេ “ដាក់កងទ័ពរបស់យើង និងដៃគូរបស់យើងប្រឈមនឹងហានិភ័យ និងបង្កគ្រោះថ្នាក់ដល់ការប្រយុទ្ធនឹងពួកភេរវករ ISIS”៕

ប្រែសម្រួលៈ ណៃ តុលា 

To Top