ព័ត៌មានអន្តរជាតិ

មហាអំណាចអាមេរិក-ចិន ត្រូវតែយល់គ្នា ទៅវិញទៅមក ឲ្យបានពេញលេញ

វ៉ាស៊ីតោន៖ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Henry Kissinger បានលើកឡើងថា សហរដ្ឋអាមេរិក និងចិនត្រូវតែយល់គ្នាទៅវិញទៅមក “កាន់តែពេញលេញ” និងបណ្តុះទំនាក់ទំនងឱ្យកាន់តែស៊ីគ្នាជាមួយនឹងសន្តិភាព និងវឌ្ឍនភាពក្នុងពិភពលោក។

 លោក Kissinger បានឲ្យដឹងនៅក្នុងសុន្ទរកថាតាមវីដេអូរបស់គាត់ទៅកាន់ពិធីបុណ្យចូលឆ្នាំថ្មី ប្រចាំឆ្នាំរបស់សភាពាណិជ្ជកម្មចិន – សហរដ្ឋអាមេរិក (  CGCC-USA) បានប្រារព្ធឡើងនៅទីក្រុងញូវយ៉ក កាលពីល្ងាចថ្ងៃពុធ។

 អ្នកការទូតដែលមានបទពិសោធន៍រូបនេះ បានលើកឡើងថាលោកស្វាគមន៍ “ការសម្រេចចិត្តដែលត្រូវបានធ្វើឡើងដើម្បីជំរុញការសន្ទនាក្នុងវិស័យជាច្រើន” ដោយបន្ថែមថា “ប្រទេសចិន បានអនុវត្តជំហានជាក់ស្តែងមួយចំនួនក្នុងទិសដៅនោះ” ។

 អ្នកការទូតជើងចាស់វ័យ ៩៩ឆ្នាំ និងជាអ្នកយុទ្ធសាស្រ្ត ដែលបានបម្រើការក្រោមប្រធានាធិបតីអាមេរិកពីររូប គឺលោក Richard Nixon និង Gerald Ford បានលើកឡើងថា “ប្រជាជាតិនីមួយៗត្រូវយល់កាន់តែច្បាស់ថែមទៀត” ។

លោក Kissinger បានបន្ដថា “ខណៈពេលដែលធ្វើការជាមួយគ្នា យើងអាចសម្រេចបាននូវរឿងដ៏អស្ចារ្យ មិនត្រឹមតែសម្រាប់ប្រទេសរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់មនុស្សជាតិផងដែរ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

 លោកបានកត់សម្គាល់ថា “ប្រទេសចិន និងសហរដ្ឋអាមេរិក មានការយល់ឃើញខុសៗគ្នានៃវប្បធម៌ និងរបៀបនៃការអនុវត្តខ្លួនឯង” ហើយនេះ “ចាំបាច់ត្រូវយល់ដោយភាគីទាំងពីរ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top