ណៃរ៉ូប៊ី៖ រតនាគារជាតិនៃប្រទេសកេនយ៉ា មានភាពស្វាហាប់ជាមួយនឹងកំណើនសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាពនៅឆ្នាំនេះ ប៉ុន្តែបានព្រមានថា ទស្សនវិស័យអាចត្រូវបានបង្អាក់ ដោយការកើនឡើង នូវភាពតក់ស្លុតខាងក្រៅ ដែលរួមមានជម្លោះរុស្ស៊ី-អ៊ុយក្រែន និងការដំឡើងអត្រាការប្រាក់ របស់សហរដ្ឋអាមេរិក។
រតនាគារបានឲ្យដឹងថាខណៈពេលដែលខ្លួនរំពឹងថា សេដ្ឋកិច្ចនឹងកើនឡើង ៦,១ភាគរយ នៅឆ្នាំ២០២៣ ហើយរក្សាសន្ទុះនោះ ក្នុងរយៈពេលមធ្យម ភាពមិនប្រាកដប្រជាជាសកល អាចប៉ះពាល់ដល់កំណើន។
ប្រភពបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ គោលនយោបាយថវិកាសម្រាប់ឆ្នាំ២០២៣ ដែលបានស្នើឡើងថា “មានភាពកាន់តែអាក្រក់ទៅៗ នៃជម្លោះរុស្ស៊ី-អ៊ុយក្រែន ដែលបង្កើនហានិភ័យ នៃការប្រែប្រួលតម្លៃប្រេង និងទំនិញ ការកើនឡើងសម្ពាធអតិផរណា និងផលប៉ះពាល់ដ៏យូរអង្វែង នៃជំងឺរាតត្បាតកូវីដ-១៩” ។
ប្រភពបានបន្ថែមថា ការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុសកល ជាពិសេសនៅសហរដ្ឋអាមេរិក អាចបង្កើនភាពប្រែប្រួល នៅក្នុងទីផ្សារហិរញ្ញវត្ថុ ដែលធ្វើឱ្យប៉ះពាល់ ដល់រូបិយប័ណ្ណក្នុងស្រុក។
ជាលើកដំបូងក្នុងរយៈពេល ៥ឆ្នាំ អត្រាអតិផរណារបស់ប្រទេសកេនយ៉ា ដែលឈរនៅ ៩,១ភាគរយក្នុងខែធ្នូ ឆ្នាំ២០២២ នៅតែលើសពីគោលដៅ របស់រដ្ឋាភិបាលចំនួន ៥ភាគរយ ដែលភាគច្រើនត្រូវបានជំរុញ ដោយឧបសគ្គផ្នែកផ្គត់ផ្គង់ ដែលកើតឡើង ដោយការប៉ះទង្គិចខាងក្រៅ និងតម្លៃអាហារ និងថាមពលដែលទាក់ទងនឹងអាកាសធាតុ។
លេខាធិការខុទ្ទកាល័យរតនាគារលោក Njuguna Ndung’u បានកត់សម្គាល់ នៅក្នុងឯកសារថា ជាផ្នែកនៃផែនការផ្លាស់ប្តូរសេដ្ឋកិច្ច របស់ប្រទេស រដ្ឋាភិបាល នឹងបង្កើនការប្រមូលប្រាក់ចំណូល ដល់ ៣ពាន់ពាន់លាន shilling កេនយ៉ា (ប្រហែល ២៤ពាន់លានដុល្លារ) ក្នុងឆ្នាំហិរញ្ញវត្ថុ ២០២៣-២០២៤ និង ៣២ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលមធ្យម៕ ប្រែសម្រួល ឈូក បូរ៉ា