ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន អះអាងថា រុស្ស៊ីបានបាត់បង់ទាហានជាង ២ម៉ឺននាក់ក្នុងរយៈពេលត្រឹម ១ខែ

គៀវ៖ យោងតាមតួលេខ ដែលចេញផ្សាយដោយទីក្រុងគៀវ បានឱ្យដឹងថា ទាហានរុស្ស៊ីជាង ២ម៉ឺននាក់ ត្រូវបានសម្លាប់នៅក្នុងសង្គ្រាមនៅអ៊ុយក្រែន ក្នុងរយៈពេលមួយខែចុងក្រោយនេះ។

ទោះបីជាមិនត្រូវបានផ្ទៀងផ្ទាត់ក៏ដោយ តួលេខនេះអាចបង្ហាញពី និន្នាការនៃការបាត់បង់ ដែលចេះតែកើនឡើងដោយ កងកម្លាំងរបស់ទីក្រុងម៉ូស្គូ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។

នៅក្នុងការអាប់ដេតកាលពីថ្ងៃសៅរ៍ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់ អាវុធអ៊ុយក្រែនបានឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងមុន ទាហានរុស្ស៊ី ៨៦០នាក់ត្រូវបានសម្លាប់ ដោយយកចំនួនសរុបនៃការខាតបង់ ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយ នៅថ្ងៃទី២៤ ខែកុម្ភៈដល់ ១២០,១៦០នាក់។

នៅថ្ងៃទី២១ ខែធ្នូ អគ្គសេនាធិការ របស់អ៊ុយក្រែនបានឲ្យដឹងថា ចំនួនអ្នកស្លាប់របស់រុស្ស៊ី បានកើនឡើងលើសពី ១០ម៉ឺននាក់ ហើយបានគណនាថា កងកម្លាំងរបស់ទីក្រុងម៉ូស្គូ បានបាត់បង់ទាហានជាមធ្យមប្រហែល ១០០០០ នាក់ក្នុងមួយខែ។

វាធ្វើតាមតួលេខដែលអ៊ុយក្រែន បានចេញផ្សាយនៅថ្ងៃទី០៧ ខែមករា ដែលចង្អុលបង្ហាញពីការខាតបង់ ដ៏ធំដោយទាហានរុស្ស៊ីប្រមាណ ១០០០០ នាក់ត្រូវបានសម្លាប់ក្នុង រយៈពេលពីរសប្តាហ៍រវាងថ្ងៃទី២១ ខែធ្នូ ដល់ថ្ងៃទី៥ ខែមករា ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top