ព័ត៌មានអន្តរជាតិ

ឧត្តម​សេនីយ៍​អាមេរិក​ព្រមាន​ថា ការ​បណ្តេញ​រុស្ស៊ី​ចេញ​ពី​អ៊ុយក្រែន មិនមែនជារឿងងាយស្រួលនោះទេ

វ៉ាស៊ីនតោន៖ ប្រធានអគ្គសេនាធិការចម្រុះលោក Mark Milley បានព្រមានកាលពីថ្ងៃសុក្រថា ការបណ្តេញកងកម្លាំងរុស្ស៊ីទាំងស្រុង ចេញពីអ៊ុយក្រែនក្នុងរយៈពេល នៃឆ្នាំ២០២៣ នឹងក្លាយជាកិច្ចការដ៏លំបាកបំផុតមួយ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅឯមូលដ្ឋានទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់ លោក Milley បានលើកឡើងថា លោកជឿជាក់ថា សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន នឹងបញ្ចប់ដោយការចរចា ជាជាងនៅលើសមរភូមិ។

លោក Milley បានបន្ដថា “តាមទស្សនៈយោធា ខ្ញុំនៅតែប្រកាន់ថា សម្រាប់ឆ្នាំនេះ វាពិតជាលំបាកខ្លាំងណាស់ ក្នុងការបណ្តេញកងកម្លាំងរុស្ស៊ី ចេញពីគ្រប់អ៊ីញនៃទឹកដីអ៊ុយក្រែន ដែលរុស្ស៊ីកាន់កាប់”។ “មិនមែនមានន័យថា វានឹងមិនកើតឡើងនោះទេ ប៉ុន្តែវានឹងពិបាកខ្លាំងណាស់”។

សង្រ្គាមនៅអ៊ុយក្រែន ពេលនេះជិតដល់ខួបមួយឆ្នាំរបស់ខ្លួនហើយ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបើកការឈ្លានពានរបស់គាត់ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

ផ្ទាំងពាណិជ្ជកម្ម

បើទោះបីជាមានការព្យាករណ៍ដំបូងមួយចំនួនថា រុស្ស៊ីនឹងសម្រេចបានជ័យជំនះភ្លាមៗ នៅអ៊ុយក្រែនក៏ដោយ អ្នកជំនាញជឿថា សមត្ថភាពជម្លោះរបស់រុស្ស៊ី ត្រូវបានគេវាយតម្លៃលើសកម្រិត។

ទោះជាយ៉ាងនេះក្តី ភាគីទាំងសងខាងមិនទាន់ អាចផ្តួលរំលំភាគីម្ខាងទៀត នៅលើសមរភូមិបានទាំងស្រុងនោះទេ ខណៈដែលការប្រយុទ្ធនៅតែបន្ត នៅទូទាំងភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន។ ការអត្ថាធិប្បាយរបស់លោក Milley កាលពីថ្ងៃសុក្រ បង្ហាញថា ជ័យជម្នះក្នុងសមរភូមិសរុបលើ ផ្នែករបស់អ៊ុយក្រែនទំនងជានឹងមិនកើតឡើង ក្នុងឆ្នាំប្រតិទិនបច្ចុប្បន្ននោះទេ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top