ព័ត៌មានអន្តរជាតិ

ពលរដ្ឋអ៊ីស្រាអ៊ែល រាប់ម៉ឺននាក់ប្រមូលផ្តុំគ្នា សម្តែងការមិនពេញចិត្តចំពោះផែនការ​ ធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌

យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ថា កាលពីល្ងាចថ្ងៃសៅរ៍ ប្រជាជនអ៊ីស្រាអ៊ែលរាប់ម៉ឺននាក់ បានប្រមូលផ្តុំគ្នានៅក្នុងទីក្រុងជាច្រើន ដើម្បីសម្តែងការមិនពេញចិត្តរបស់ពួកគេ ចំពោះផែនការរបស់រដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់យ៉ាងទូលំទូលាយនៅក្នុងប្រព័ន្ធតុលាការរបស់ប្រទេសនេះ ។


ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអ៊ែល បានដកស្រង់សម្តីប៉ូលិសដែលបានលើកឡើងថា បាតុករជាង១០ម៉ឺននាក់ បានមកដល់បាតុកម្មធំនៅក្រុង Tel Aviv ។ បាតុកម្មតូចៗក៏ត្រូវបានធ្វើនៅទីក្រុងផ្សេងទៀតផងដែរ ។

នេះជាសប្តាហ៍ទី២ជាប់គ្នាដែលការតវ៉ាទ្រង់ទ្រាយធំកំពុងត្រូវបានធ្វើឡើងប្រឆាំងនឹងរដ្ឋាភិបាល ។ ក្រុមបាតុករបានលើកឡើងថា កំណែទម្រង់នឹងធ្វើឲ្យតុលាការចុះខ្សោយ ហើយផ្តល់អំណាចដល់ក្រុមចម្រុះដែលកាន់អំណាចគ្មានដែនកំណត់ ។

រដ្ឋាភិបាលដែលដឹកនាំដោយនាយករដ្ឋមន្ត្រី បេនយ៉ាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានលើកឡើងថា ការផ្លាស់ប្តូរគឺចាំបាច់ដើម្បីគ្រប់គ្រងប្រព័ន្ធតុលាការដែលបានក្លាយជា “មានឥទ្ធិពលខ្លាំងពេក” ក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ។ ពួកគេក៏បានឲ្យដឹងដែរថា តុលាការកំពូលតែងតែធ្វើអន្តរាគមន៍ក្នុងបញ្ហានយោបាយដែលគួរកំណត់ដោយសភា ។

លោក Netanyahu និងដៃគូចម្រុះរបស់គាត់បានលើកឡើងថា ពួកគេនឹងបន្តជំរុញឱ្យមានកំណែទម្រង់ ទោះបីជាមានការតវ៉ារីករាលដាលក៏ដោយ ។

កំណែទម្រង់រួមមានការអនុញ្ញាតឱ្យសភាបដិសេធសេចក្តីសម្រេចរបស់តុលាការកំពូលដោយសំឡេងភាគច្រើន ។ លើសពីនេះ អ្នកនយោបាយនឹងមានឥទ្ធិពលកាន់តែខ្លាំងក្នុងការតែងតាំងចៅក្រមតុលាការកំពូល ៕


ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top