គៀវ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី បានរាយការណ៍ថា កងកម្លាំងរបស់ទីក្រុងមូស្គូ កំពុងឆ្ពោះទៅកាន់ទីក្រុងចំនួនពីរ នៅក្នុងតំបន់ Zaporizhia ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ជាកន្លែងដែលការប្រយុទ្ធគ្នា កាន់តែខ្លាំងឡើង ក្នុងសប្តាហ៍នេះ បន្ទាប់ពីកងកម្លាំងជួរមុខជាប់គាំងជាច្រើនខែ។
លោក វ្ល៉ាឌីមៀ រ៉ូហ្គូវ ដែលជាមន្ត្រីដំឡើងតំណែងដោយរុស្ស៊ីនៅក្នុងតំបន់បានឲ្យដឹងថា សកម្មភាពវាយលុកត្រូវបានប្រមូលផ្តុំនៅជុំវិញទីក្រុងចំនួនពីរគឺ Orikhiv ប្រហែល ៥០គីឡូម៉ែត្រ ភាគខាងត្បូងនៃរដ្ឋធានី Zaporizhzhia ក្នុងតំបន់ដែលគ្រប់គ្រងដោយអ៊ុយក្រែន និងទីក្រុង Hulyaipole ភាគខាងកើតបន្ថែមទៀត។
លោក ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន RIA Novosti កាលពីថ្ងៃអាទិត្យថា “ផ្នែកខាងមុខ គឺចល័តជាពិសេសនៅក្នុងទិសដៅពីរគឺទីក្រុង Orikhiv និងទីក្រុង Hulyaipole” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានអាល់ហ្សាហ្ស៊ីរ៉ា។
លោកបានលើកឡើងថា មានការប្រយុទ្ធគ្នាយ៉ាងសកម្មនៅក្នុងតំបន់ទាំងនោះនេះបើយោងតាមទីភ្នាក់ងារ។ នៅក្នុងនោះដែរលោកបានលើកឡើងថា “គំនិតផ្តួចផ្តើម គឺនៅក្នុងដៃរបស់យើង” ។
ក្រោយមក កងទ័ពរុស្ស៊ីបានអះអាងរយៈពេលពីរថ្ងៃជាប់ៗគ្នាថា ខ្លួនបានយក “ខ្សែបន្ទាត់ និងទីតាំងដែលមានអត្ថប្រយោជន៍កាន់តែច្រើន” បន្ទាប់ពី ប្រតិបត្តិការវាយលុកនៅក្នុងតំបន់ Zaporizhia ។
លោកបានអះអាងថា បានវាយប្រហារទីតាំងរបស់អ៊ុយក្រែននៅក្នុងភូមិ Lezhyno នៅខាងក្រៅរដ្ឋធានី Zaporizhzhia ក្នុងតំបន់ ដែលមិនបានធ្លាក់ដល់កងកម្លាំងអ៊ុយក្រែននោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា