ព័ត៌មានអន្តរជាតិ

បារាំង និង​អាល្លឺម៉ង់ បន្ត​សម្ព័ន្ធភាព​ដែលតានតឹង ចំពេល​មាន​សង្គ្រាម​ នៅ​អ៊ុយក្រែន

ប៊ែរឡាំង៖ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz កំពុងស្ថិតនៅក្នុងទីក្រុងប៉ារីស ដើម្បីពិភាក្សាជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃអាទិត្យ ខណៈដែលមេដឹកនាំទាំងពីរ ស្វែងរកការយកឈ្នះលើភាពខ្វែងគំនិតគ្នា ដែលបានកើតឡើង ដោយសង្គ្រាមអ៊ុយក្រែន។

មេដឹកនាំ​អាល្លឺម៉ង់ បាន​ធ្វើ​ទស្សនកិច្ច​ ទៅ​រដ្ឋធានី​បារាំង​ សម្រាប់​ថ្ងៃ​នៃ​ពិធី​រំលឹក​ខួប ៦០​ឆ្នាំ​ចាប់​តាំង​ពី​សន្ធិសញ្ញា​សំខាន់​មួយ ​បាន​ផ្សាភ្ជាប់​ចំណង​រវាង​ខ្មាំង​សត្រូវ ​ដ៏យូរ​អង្វែង​ ដែល​គាំទ្រ​សហភាព​អឺរ៉ុប​សព្វថ្ងៃ។

គណៈរដ្ឋមន្ត្រីទាំងមូល របស់ប្រទេសអាឡឺម៉ង់គឺនៅទីក្រុងប៉ារីស ហើយសមាជិកសភា ៣០០ នាក់មកពីប្រទេសទាំងពីរបានជួបប្រជុំគ្នានៅសាកលវិទ្យាល័យ Sorbonne ។ មេដឹកនាំទាំងពីរនឹងត្រួតពិនិត្យការចរចាពីរជុំនៅវិមាន Elysee ដោយផ្តោតលើថាមពល និងគោលនយោបាយសេដ្ឋកិច្ច ក៏ដូចជាការការពារជាតិ។

លោក Scholz បានឲ្យដឹងនៅក្នុងពិធីនៅឯសាកលវិទ្យាល័យ Sorbonne ថា “អនុញ្ញាតឱ្យយើងប្រើមិត្តភាព ដែលមិនអាចបំបែកបានរបស់យើង ដើម្បីកំណត់បច្ចុប្បន្ន និងអនាគតនៃទ្វីបរបស់យើង រួមជាមួយដៃគូអឺរ៉ុបរបស់យើង” ។

លោក​បាន​បន្ត​ថា បន្ទាប់​ពី​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយក្រែន ​ក្នុង​ខែ​កុម្ភៈ​ឆ្នាំ​មុន គម្រោង​សន្តិភាព​អឺរ៉ុប​គឺ​ស្ថិត​នៅ​ក្នុង​ចំណុច​របត់​មួយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានអាល់ហ្សាហ្ស៊ីរ៉ា។

លោកបន្ដថា “ចក្រពត្តិនិយមរបស់លោក ពូទីន នឹងមិនឈ្នះនោះទេ យើងនឹងមិនអនុញ្ញាតឱ្យអឺរ៉ុប ត្រលប់ទៅសម័យកាលដែលអំពើហិង្សា បានជំនួសនយោបាយ ហើយទ្វីបរបស់យើងត្រូវបានហែកហួរដោយភាពស្អប់ខ្ពើម និងការប្រជែងគ្នារបស់ជាតិ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top