ព័ត៌មានអន្តរជាតិ

ប៉ូលិសថៃ រឹបអូសបានថ្នាំញៀន ប្រភេទមេតំហ្វេតាមីន គ្រីស្តាល់ ជាងមួយតោន

បាងកក ៖ ប៉ូលិសក្នុងប្រទេសថៃ បានរឹបអូសថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រីស្តាល់ ជាងមួយតោន ក្នុងរយៈពេលតិច ជាងមួយសប្តាហ៍ ចំពេលមានការកើនឡើង នៃការជួញដូរគ្រឿងញៀន ចាប់តាំងពីព្រំដែន របស់ប្រទេសនេះបានបើកឡើងវិញ បន្ទាប់ពីការចាក់សោរជំងឺកូវីដ-១៩។

ការ​រឹបអូសនេះ ​ត្រូវ​បាន​រក​ឃើញ​ នៅ​ក្នុង​ការ​បង្ក្រាប​គ្រឿង​ញៀន ​ជា​បន្តបន្ទាប់​នៅ​ភាគ​ខាងជើង និង​ភាគ​ខាងត្បូង​នៃ​ប្រទេស ហើយ​មនុស្ស ១០នាក់​ត្រូវ​បាន​ចាប់​ខ្លួន នេះបើយោង តាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានអាល់ហ្សាហ្ស៊ីរ៉ា។

ការិយាល័យប្រឆាំងគ្រឿងញៀនបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃអង្គារនេះថា បានដឹកជញ្ជូនពីតំបន់ភាគខាងជើង និងភាគឦសាន របស់ប្រទេសថៃ ទៅកាន់តំបន់ព្រំដែន នៅភាគខាងត្បូង នៃប្រទេស សម្រាប់ការដឹកជញ្ជូនបន្ត។

អគ្គស្នងការរងនគរបាលជាតិថៃ លោក Chinnapat Sarasin បានឲ្យដឹងថា “យើងបានរឹបអូសថ្នាំញៀន មេតំហ្វេតាមីន គ្រីស្តាល់ សរុបជាង ១,១តោន ពីវត្ថុដែលរឹបអូសបានទាំងអស់” ។

លោក​បន្ត​ថា ថ្នាំ​ញៀនប្រភេទគ្រីស្តាល់ ​ភាគ​ច្រើន​ត្រូវ​បាន​នាំ​ចេញ​ទៅ​ប្រទេស​ផ្សេង​ទៀត ​តាម​រយៈ​ប្រទេស​ថៃ ដោយ​សារ​ភាព​ងាយស្រួល ​ក្នុង​ការ​ដឹក​ជញ្ជូន​។

លោកបន្ថែមថា “ថ្នាំញៀនទាំងនេះខ្លះត្រូវបានរក្សាទុកមួយរយៈ មុនពេលដឹកជញ្ជូន ទៅកាន់ខេត្តភាគខាងត្បូងបំផុត ហើយពួកគេត្រូវបានគេសន្មត់ថា នឹងដឹកជញ្ជូនទៅកាន់ប្រទេសផ្សេងទៀត នៅពេលក្រោយ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top