បរទេស ៖ រដ្ឋមន្ត្រីការពារជាតិថ្មី របស់អាល្លឺម៉ង់បាននិយាយថា បណ្តាប្រទេស ដែលមានរថក្រោះប្រយុទ្ធ Leopard 2 គួរតែចាប់ផ្តើមបណ្តុះបណ្តាល ដល់កងទ័ពអ៊ុយក្រែន អំពីរបៀបប្រតិបត្តិការរថក្រោះនេះ បើទោះបីជាទីក្រុងប៊ែរឡាំង មិនទាន់ធ្វើការសម្រេចចិត្តថា តើត្រូវបញ្ជូនរថក្រោះរបស់ខ្លួន ឬយ៉ាងណា ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Boris Pistorius រដ្ឋមន្ត្រីការពារជាតិថ្មីរបស់អាល្លឺម៉ង់ បានសង្កត់ធ្ងន់ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយអគ្គលេខាធិការ អង្គការណាតូលោក Jens Stoltenberg នៅទីក្រុងប៊ែកឡាំងកាលពីថ្ងៃអង្គារថា “យើងមិនបញ្ឈប់នរណាម្នាក់ទេ” ដោយមានបំណងចង់រៀបចំ រថក្រោះសម្រាប់ការផ្ទេរនេះ ។
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់រូបនេះ បានពន្យល់ថា ទីក្រុងប៊ែកឡាំងកំពុងសម្លឹង មើលកងរថក្រោះ Leopard 2s របស់ខ្លួន ប៉ុន្តែវាមិនមែនគ្រាន់ តែជាបញ្ហានៃការរាប់ រថក្រោះនោះទេ យើងដឹងថាយើងមានចំនួនប៉ុន្មាន… យើងត្រូវពិនិត្យមើលសក្តានុពល ដែលឧស្សាហកម្មមាន ស្តុកដែលរថក្រោះទាំងនោះមានក្នុងឃ្លាំង និងភាពចុះសម្រុងនៃម៉ូដែល និងគ្រឿងបន្លាស់ផ្សេងៗគ្នា ។
លោក Stoltenberg បានស្វាគមន៍ការកត់សម្គាល់នេះ ដោយបង្ហាញទំនុកចិត្តថា “យើងនឹងស្វែងរកដំណោះស្រាយក្នុងពេលឆាប់ៗនេះ” និងបញ្ជាក់ជាថ្មីអំពីភាពបន្ទាន់ នៃការបំពាក់អាវុធដល់អ៊ុយក្រែន៕
ប្រែសម្រួលៈ ណៃ តុលា