DAP News

ព័ត៌មានអន្តរជាតិ

ការនាំចេញរបស់ថៃ ធ្លាក់ចុះ ១៤,៦ភាគរយ ក្នុងខែធ្នូ ឆ្នាំ២០២២

បាងកក៖ ទិន្នន័យបានបង្ហាញឲ្យដឹងថា ការនាំចេញរបស់ប្រទេសថៃ បានធ្លាក់ចុះក្នុងខែទី៣ ជាប់ៗគ្នាក្នុងខែធ្នូ ឆ្នាំ២០២២ ដោយសារការធ្លាក់ចុះ នៃសេដ្ឋកិច្ចបន្តជះឥទ្ធិពល ដល់ដៃគូពាណិជ្ជកម្មរបស់ខ្លួន។

ការនាំចេញ ដែលជាកត្តាជំរុញដ៏សំខាន់ នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ បានធ្លាក់ចុះ ១៤,៦ភាគរយ នៅក្នុងខែធ្នូ ធៀបនឹងឆ្នាំមុនមកត្រឹម ២១,៧២ពាន់លានដុល្លារអាមេរិក នេះបើយោងតាមទិន្នន័យ ដែលចេញផ្សាយ ដោយក្រសួងពាណិជ្ជកម្មរបស់ប្រទេស។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Jurin Laksanavisit បានប្រាប់សន្និសីទសារព័ត៌មានមួយថា នៅឆ្នាំ២០២២ តម្លៃនៃការនាំចេញរបស់ប្រទេស បានឈានដល់កម្រិតខ្ពស់ថ្មីមួយ គឺ ២៨៧,០៧ ពាន់លានដុល្លារអាមេរិក កើនឡើង ៥,៥ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ លើសពីគោលដៅ របស់ក្រសួងចំនួន ៤ភាគរយ។

ការនាំចូលបានកើនឡើង ១៣,៦ភាគរយដល់ ៣០៣,១៩ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំមុន ដែលបណ្តាលឱ្យមានឱនភាពពាណិជ្ជកម្ម ចំនួន ១៦,១២ពាន់លានដុល្លារអាមេរិក។

លោក Jurin បានបន្ដថា ក្រសួងកំពុងកំណត់គោលដៅ កំណើនការនាំចេញប្រចាំឆ្នាំពី ១ភាគរយទៅ ២ភាគរយនៅឆ្នាំនេះ ដោយលើកឡើងពីកត្តាអវិជ្ជមាន ដូចជាការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ជាពិសេសសេដ្ឋកិច្ច នៃដៃគូពាណិជ្ជកម្មសំខាន់ៗ របស់ប្រទេស ដើម្បីថ្លឹងថ្លែងលើការនាំចេញ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top