បរទេស ៖ ទីភ្នាក់ងារសារព័ត៌មានតួកគីបានរាយការណ៍ ដោយដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ថា សហរដ្ឋអាមេរិក អាចនឹងបញ្ជូន រថក្រោះធុនធ្ងន់ M1 Abrams ដល់ទៅ ៥០ គ្រឿង ទៅកាន់អ៊ុយក្រែន ដោយការសម្រេចចិត្តនេះ ទំនងជាត្រូវបានប្រកាសនៅថ្ងៃពុធ ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា មន្ត្រីមិនបញ្ចេញ ឈ្មោះរបស់អាមេរិករូប នេះបាននិយាយថា កញ្ចប់នោះនឹងរួមបញ្ចូល “ចំនួនរថក្រោះ” ដែលមានពី ៣០-៥០ គ្រឿង ដូចការលើកឡើង ដោយទីភ្នាក់ងារព័ត៌មាន ។
កាលពីថ្ងៃអង្គារ ប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោនអាចប្រកាសនៅដើមសប្តាហ៍នេះ នូវការប្រគល់ “ចំនួនដ៏សំខាន់” នៃរថក្រោះ M1 Abrams ទៅកាន់ប្រទេស អ៊ុយក្រែន ។ សេចក្តីប្រកាសនេះ ត្រូវបានគេរាយការណ៍ថា នឹងជាផ្នែកមួយនៃកិច្ចព្រមព្រៀង ទូលំទូលាយជាមួយ ប្រទេសអាល្លឺម៉ង់ ដែលនឹងសន្យាផ្គត់ផ្គង់រថក្រោះ Leopard 2 មួយចំនួនតូច របស់ខ្លួនដល់អ៊ុយក្រែនផងដែរ ។
សូមជម្រាបថា ប្រទេសអ៊ុយក្រែន បានស្នើសុំរថក្រោះប្រយុទ្ធ យ៉ាងហោចណាស់ ៣០០គ្រឿង ពីម្ចាស់ជំនួយលោកខាងលិច របស់ខ្លួន ដោយចាត់ទុកថា រថក្រោះជាអ្នកផ្លាស់ប្តូរហ្គេម នៅក្នុងជម្លោះជាមួយរុស្ស៊ី ៕