ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៊ីនថា កូនស្រីពៅរបស់លោក នឹងប្រកាសពីការវិលចូលស្រុកថៃវិញ របស់លោក នៅឆ្នាំនេះ

បរទេស ៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលកំពុងរត់គេច ខ្លួនបានទទូចថា ការវិលត្រឡប់ របស់លោកទៅកាន់ប្រទេសថៃ នឹងមកដោយគ្មាន ជំនួយពីគណបក្សភឿថៃ ឬគណបក្ស Palang Pracharath ដែលកំពុងកាន់អំណាចនោះទេ ហើយការវិលចូលស្រុកវិញនេះ នឹងត្រូវបានប្រកាសដោយកូនស្រី របស់លោកឈ្មោះ Paetongtarn ។

យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកថាក់ស៊ីន បានធ្វើសេចក្តី ប្រកាសចុងក្រោយ ស្តីពីការវិលត្រឡប់ទៅកាន់មាតុភូមិវិញ ក្នុងអំឡុងពេលពិភាក្សាមួយ នៅលើកម្មវិធីប្រព័ន្ធផ្សព្វផ្សាយ សង្គម Clubhouse កាលពីយប់ថ្ងៃអង្គារ។

ការប្រកាសវិលចូលស្រុកវិញនេះ បានកើតឡើងចំពេលមានពាក្យ ចចាមអារ៉ាមថា គណបក្ស Palang Pracharat និង គណបក្ស ភឿថៃ បានធ្វើកិច្ចព្រមព្រៀងមួយសម្រាប់លោក ថាក់ស៊ីន ដើម្បីត្រលប់មកវិញ បន្ទាប់ពីការបោះឆ្នោតសកល ដែលគ្រោងធ្វើនៅក្នុងខែឧសភា។

អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ បានឆ្លើយសំណួររបស់អ្នកគាំទ្រ ក្នុងវគ្គផ្សាយផ្ទាល់ដែលធ្វើឡើង ដោយទំព័រហ្វេសប៊ុក CARE Kid Kluan Thai (Think and Move Thailand)។ នៅពេលសួរថា តើពេលណាដែលលោកនឹងត្រឡប់ទៅប្រទេសថៃ លោក ថាក់ស៊ីន បានបង្ហើបថា លោកមានជំងឺកាលពីឆ្នាំមុន ដែលរំខានដល់គម្រោងត្រឡប់មកប្រទេសវិញ។ លោកថា «ទោះយ៉ាងណាក៏ដោយ ខ្ញុំអាចបញ្ជាក់ថា ខ្ញុំនឹងត្រឡប់មកវិញ ហើយខ្ញុំចង់បញ្ជាក់នៅទីនេះថា ខ្ញុំនឹងមិនស្វែងរកជំនួយពីគណបក្សនយោបាយណាមួយ រួមទាំងភឿថៃផងដែរ។ ខ្ញុំនឹងពឹងលើចិត្ត របស់ខ្ញុំផ្ទាល់ ដូច្នេះកុំបារម្ភពីខ្ញុំ»។

លោកថាក់ស៊ីនបាន ស្នើឱ្យអ្នកគាំទ្ររង់ចាំស្តាប់ការប្រកាសរបស់កូនស្រីពៅរបស់គាត់ឈ្មោះ Paetongtarn ដែលនឹងត្រូវបង្ហាញខ្លួន ជាបេក្ខភាពនាយករដ្ឋមន្រ្តី របស់គណបក្សភឿថៃ សម្រាប់ការបោះឆ្នោតបន្ទាប់៕
ប្រែសម្រួលៈ ណៃ តុលា

To Top