វ៉ាស៊ីនតោន៖ ទីភ្នាក់ងារសារព័ត៌មាន IRIB បានរាយការណ៍កាលពីថ្ងៃពុធថា ប្រធានសមាគមអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ (IRCS) បានឲ្យដឹងថា ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក បានរារាំង IRCS ពីការបំពេញការទទួលខុសត្រូវ និងការប្តេជ្ញាចិត្តក្នុងស្រុក និងអន្តរជាតិ។
លោក Pirhossein Kolivand បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ប្រមុខកាកបាទក្រហមជាតិ និងអឌ្ឍចន្ទក្រហមនៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង ដែលប្រព្រឹត្តទៅនៅទីក្រុង Beirut រដ្ឋធានីនៃប្រទេសលីបង់។
ផលប៉ះពាល់អវិជ្ជមាននៃការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក លោក Kolivand រួមមានការបដិសេធរបស់ធនាគារបរទេស ពីកិច្ចសហប្រតិបត្តិការក្នុងការផ្ទេរប្រាក់ទៅ និងមកពីប្រទេសអ៊ីរ៉ង់ និងការលំបាករបស់អ៊ីរ៉ង់ ក្នុងការនាំចូលថ្នាំពេទ្យ និងឧបករណ៍វេជ្ជសាស្ត្រ និងសម្ភារៈសង្គ្រោះ។
លោកបានបន្ថែមថា ទណ្ឌកម្មក៏បានរារាំងសមត្ថភាពរបស់អ៊ីរ៉ង់ ក្នុងការអាប់ដេតកងនាវាសង្គ្រោះ និងជំនួយ និងឧបករណ៍របស់ខ្លួនផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អ៊ីរ៉ង់ បានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកអស់រយៈពេលបួនទសវត្សរ៍មកហើយ។ ការដាក់ទណ្ឌកម្មកាន់តែខ្លាំងឡើង បន្ទាប់ពីសហរដ្ឋអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថាជាផែនការសកម្មភាពទូលំទូលាយរួម ដែលបានចុះហត្ថលេខារវាងអ៊ីរ៉ង់ និងមហាអំណាចក្នុងខែកក្កដា ឆ្នាំ២០១៥ ។
ទោះបីជាសហរដ្ឋអាមេរិកអះអាងថា ទំនិញមនុស្សធម៌ រួមទាំងថ្នាំពេទ្យ និងគ្រឿងឧបភោគបរិភោគ មិនត្រូវបានរាប់បញ្ចូលក្នុងបញ្ជីទណ្ឌកម្មក៏ដោយ ក៏ការដាក់ទណ្ឌកម្មរបស់ខ្លួនលើការនាំចេញប្រេង និងវិស័យធនាគាររបស់អ៊ីរ៉ង់ បានអនុវត្តជាក់ស្តែងបានរារាំងប្រទេសអ៊ីរ៉ង់ ពីការនាំចូលទំនិញបែបនេះ៕
ប្រែសម្រួល ឈូក បូរ៉ា